គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលនេះជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។
គម្រោងនេះ កំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម, ការផ្សព្វផ្សាយធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាពពាក់ព័ន្ធនឹងគម្រោងឈ្មោះ ផ្សារជីស៊ី អូរឫស្សី។
លើសពីនេះទៅទៀត ដីរបស់ផ្សារនេះ ក៏មិនមែនជាដីកម្មសិទ្ធិរបស់ខ្លួននោះដែរ ដោយដីនេះកំពុងជាប់ដីកាចាត់ចែងជាបណ្តោះអាសន្ន (ជាប់រក្សាការពារ) ពីតុលាការ។

ពាក់ព័ន្ធនឹងករណីនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់ មិនត្រូវចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុនេះទេ ដែលអាចប្រឈមនឹងខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕












