ត្រីជើងបួន ត្រីចេះដើរ ត្រីរស់នៅលើគោកស្គាល់អស់ហើយ នៅឡើយតែត្រីចេះហោះ តោះថ្ងៃនេះ KBN news នឹងនាំប្រិយមិត្តមកស្គាល់ត្រីចេះហោះវិញម្តង ដែលវាមានឈ្មោះថា Exocoetidae។ Exocoetidae គឺជាឈ្មោះអម្បូរ «ត្រីមានស្លាប» ឬ «ត្រីហោះ» ដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យ។ បច្ចុប្បន្នអម្បូរត្រីនេះមានចំនួន ៦៤ ប្រភេទរស់នៅក្នុងទឹកសមុទ្រ ហើយវាក៏អាចហោះត្រដាងស្លាបលើផ្ទៃទឹកសមុទ្របានយ៉ាងល្អឥតខ្ចោះផងដែរ។

ត្រីហោះ Exocoetidae មិនមែនទើបតែកកើតនោះទេ ពោលគឺត្រីនេះមានតាំងពីយុគសម័យ Middle Triassic ឬពី ២៣៥ ទៅ២៤២ លានឆ្នាំមុនមកម្លេះ នេះបើយោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រលើការស្រាវជ្រាវផូស៊ីល Potanichthys xingyiensis។ ជាធម្មតាត្រីនេះអាចហោះបានចម្ងាយ ៥០ ម៉ែត្រ ហើយតែងតែហោះចេញពីទឹកសមុទ្រទៅពួនសម្ងំដេកក្បែរមាត់ច្រាំង និងធ្វើដំណើរបានច្រើនជាង ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ក្នុងឆ្នាំ២០០៨ ទូរទស្សន៍ជប៉ុន NHK បានថតសកម្មភាពត្រីហោះនៅឆ្នេរសមុទ្រនៃកោះ យ៉ាគូស៊ូម៉ា ប្រទេសជប៉ុន។ ពួកគេអះអាងថាត្រី Exocoetidae ប្រើរយៈពេលក្នុងការហោះប្រមាណជា ៤៥ វិនាទី ដោយអម្បូរត្រីហោះនេះត្រូវបានគេប្រទះឃើញជាញឹកញាប់ក្នុងប្រទេសវៀតណាម ជប៉ុន ចិន ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ។ លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។
ត្រីហោះ Exocoetidae ត្រូវបានគេយកធ្វើជាមុខម្ហូប ស៊ូស៊ី ដ៏មានឱជារសឆ្ងាញ់ពិសា ក្រៅពីនេះវាក៏ជាមុខម្ហូបប្រចាំប្រទេសអាស៊ីជាច្រើនផងដែរ។ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន ត្រី Exocoetidae ត្រូវបានគេចាប់យ៉ាងងាយស្រួល ខណៈពេលពួកវាហោះម្តងៗ ដោយប្រើសំណាញ់របស់អ្នកជិះទូក ពោលគឺពួកវាត្រូវអ្នកនេសាទទាក់ទាញដោយប្រើពន្លឺពិល។ ទោះជាយ៉ាងណា បច្ចុប្បន្នត្រីប្រភេទនេះហាក់មានការថយចុះបន្តិចម្តងៗ គួរឱ្យកត់សម្គាល់ដោយសារសកម្មភាពរបស់មនុស្ស៕









