កោះកុង គឺជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានកោះដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះក៏មានកោះលាក់ខ្លួនមួយដែលត្រូវបានគេស្គាល់ថាជា កោះអំពិលបានកំពុងត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្តទេសចរណ៍ធម្មជាតិផងដែរ។
កោះអំពិលគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុត ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។ កោះនេះមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុងដែលមានចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។
សម្រស់ដ៏ស្រស់ស្អាតរបស់កោះអំពិល មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តជាហូរហែរប៉ុណ្ណោះទេ កោះនេះក៏ជាតំបន់ដែលពោពេញដោយសក្តានុពលធម្មជាតិបែបសមុទ្រផងដែរ។ .png)
នៅចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ភ្ញៀវទេសចរអាចមកទីនេះដើម្បី មុជទឹកមើលផ្កាថ្មនិងជីវចម្រុះជាច្រើននៅបាតសមុទ្រ ស្ទូចត្រីលេង គយគន់ទេសភាពសមុទ្រ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ជិះកាយយ៉ាក់ ដើរលើស្ពានកាត់សមុទ្រនាពេលល្ងាចគយគន់ថ្ងៃលិច និងថតរូបលេងយ៉ាងសប្បាយថែមទៀតផង។ 
លើសពីនេះលោកអ្នកក៏អាចឆ្លៀតចូលទៅលេងកោះស្តេចនៅជិតគ្នាផងដែរ ដោយជិះទូកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ ក្រៅពីងូតទឹក មើលផ្កាថ្ម ស្ទូចត្រី និងមើលថ្ងៃរៀបលិច លោកអ្នកក៏អាចញាំគ្រឿងសមុទ្រស្រស់ៗ ដែលរៀបចំដោយចុងភៅដ៏ចំណានទាំងមុខម្ហូបបែបអាស៊ី និងអឺរ៉ុប ជាមួយនឹងតម្លៃដ៏សមរម្យបំផុតផងដែរ។
ដូច្នេះនៅចុងឆ្នាំនេះ បើអត់ដឹងទៅណា តោះទៅលេងកោះអំពិល ដែលជាកោះលាក់ខ្លួន បង្អួតសម្រស់ ស្ថិតក្នុងខេត្តកោះកុងទាំងអស់គ្នា៕










