ប្រទេសកូរ៉េខាងត្បូង ៖ កសិកម្មជាមុខរបរយ៉ាងសំខាន់សម្រាប់ពលរដ្ឋរស់នៅប្រទេសនានាលើពិភពលោក ជាពិសេស ពលរដ្ឋតំបន់អាស៊ីបានប្រកបរបរកសិកម្ម តាំងពីឪពុក-ម្តាយ រហូតដល់កូនៗ ។ ប៉ុន្តែដោយសារទិន្នផលកសិកម្មមានតម្លៃថោកបានធ្វើឱ្យយុវជនដែលរៀនសូត្របានខ្ពង់ខ្ពស់ពុំចង់ត្រឡប់ទៅស្រុកកំណើតធ្វើស្រែ ចម្ការ បន្តពីឪពុក-ម្តាយទេ ។
យុវជនទាំងនេះយល់ឃើញថា ការធ្វើស្រែ ចម្ការ គឺនឿយហត់យ៉ាងខ្លាំង ហើយប្រាក់ចំណូលដែលបានពីកសិកម្ម ពុំអាចចាយវាយគ្រប់គ្រាន់ឡើយ ។ ដូច្នេះ ពួកគេក៏សម្រេចចិត្តលក់ដីស្រែជាមរតករបស់ឪពុក-ម្តាយចែកទៅឱ្យក្រុមហ៊ុន ។ ផ្ទុយទៅវិញ យុវជនកូរ៉េខាងត្បូងយល់ឃើញខុសពីនេះ ពួកគេបានសម្រេចចិត្តមករស់នៅស្រុកកំណើត និងចាប់យកមុខរបរកសិកម្ម បើទោះជាបានរៀនសូត្រខ្ពង់ខ្ពស់ក្នុងទីក្រុងក្តី ។
ប៉ុន្តែយុវជនកូរ៉េខាងត្បូងមួយចំនួនខ្វះខាតចំណេះដឹងផ្នែកកសិកម្ម និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការងារផ្នែកនេះ ទើបរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត ដូចជា ៖ ផ្តល់ចំណេះដឹងផ្នែកកសិកម្ម និងផ្តល់ប្រាក់ឱ្យកសិករវ័យក្មេង ដែលបានតាំងចិត្តធ្វើកសិកម្មនៅតំបន់ជនបទ ។ កសិករវ័យក្មេងម្នាក់នឹងទទួលបានប្រាក់ពីរដ្ឋាភិបាល ស្មើជាង៨០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់រយៈពេល៣ឆ្នាំ ហើយនៅចុងឆ្នាំ២០២៤ រដ្ឋាភិបាលបានកំណត់គោលដៅបង្កើនចំនួនពលរដ្ឋទទួលប្រាក់ ចាប់ពី៥,០០០នាក់ ទៅ១៧,៦០០នាក់ ។
ក្រៅពីនេះ ក្រសួងកសិកម្មកូរ៉េខាងត្បូង ក៏បានកំណត់គោលដៅបង្កើនចំនួនពលរដ្ឋទទួលប្រាក់សម្រាប់ធ្វើដើមទុនប្រកបរបរកសិកម្មផងដែរ រហូតដល់២៣,០០០នាក់ នៅឆ្នាំ២០២៥ ដោយសារមើលឃើញពីការលំបាករបស់កសិករ ដូចជា ៖ ទទួលបានចំណូលតិច និងគ្មានដើមទុន ។

ចំនួនកសិករកូរ៉េខាងត្បូងគ្មានបទពិសោធន៍ផ្នែកកសិកម្មបានកើនឡើងជាបន្តបន្ទាប់ គឺចាប់ពី៤២.៥% នៅឆ្នាំ២០១៨ កើនឡើងដល់៧៨.៣% នៅឆ្នាំ២០២៤ ។ រីឯចំនួនកសិករដែលពុំបានរៀនចប់ផ្នែកកសិកម្មនៅសាកលវិទ្យាល័យ បានកើនឡើងពី៦៥.៦% នៅឆ្នាំ២០២៣ ទៅ៧៩.៩% នៅឆ្នាំ២០២៤ ។ តួលេខនេះបង្ហាញថា យុវជនកូរ៉េខាងត្បូងចាប់អារម្មណ៍នឹងផ្នែកកសិកម្មកាន់តែច្រើន ជាពិសេស នារីៗ ។.png)
លើសពីនេះ រដ្ឋាភិបាលនឹងមានផ្ទៃដីសម្រាប់ជួលឱ្យកសិករវ័យក្មេងផងដែរក្នុងតម្លៃសមរម្យ ក៏ដូចជាផ្តល់ចំណេះដឹងផ្នែកកសិកម្មពុំគិតថ្លៃសម្រាប់អ្នកចាប់អារម្មណ៍ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអនាគត ៕










