ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក នឹងមិនមានផ្តល់ឱ្យក្រុមហ៊ុនណាទៀតនោះទេ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតីហ៊ុន ម៉ាណែត។

សម្ដេចធិបតី បានបញ្ជាក់ច្បាស់ៗថា៖”ឥលូវ អាជ្ញាប័ណ្ណ ផលិតស្រាបៀរខ្ញុំឈប់ឱ្យហើយ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឱ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឱ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឱ្យហើយក្រែងមានអ្នកចង់ធ្វើ។

បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៧កំពុងផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឱ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។

ក្រៅពីរោងចក្រផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុកហើយនោះ ចំពោះគម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែលទទួលបានអាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន៕