កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានរកឃើញម្ចាស់ពានហើយបានទៅលើបេក្ខជន គី សាវីន ដោយបានយកឈ្នះទៅលើបេក្ខនារី អ៊ុ សិរីគុត្តា និង បេក្ខជន សន ម៉េងលាង។ ជោគជ័យរបស់កំលោះសង្ហា គី សាវីន ទទួលបានការអបអរសាទរជាច្រើន ប៉ុន្តែក៏មានមតិជាច្រើនដូចគ្នាហាក់មិនពេញចិត្តចំពោះលទ្ធផលនេះ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍និងច្រើនវិញ្ញាសាផ្សេងៗខុសពីគ្នាក្នុងកម្មវិធីប្រកួតប្រជែង Cambodian Idol រដូវកាលទី៥ កាលពីរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី១០ ខែវិចិ្ឆកា ក៏បានរកឃើញម្ចាស់ពានថ្មីក្រោមក្រសែភ្នែកទស្សនិកជនទស្សនាជាច្រើនម៉ឺននាក់។ នៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខជន TOP 3 អ៊ុ សិរីគុត្តា គី សាវីន និង សន ម៉េងលាង ដោយជ័យជម្នះបានទៅលើ គី សាវីន ជាមួយនឹងទឹកប្រាក់ ១៥០ ០០០ ០០០ រៀល និងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ ម្ចាស់ពានរដូវកាលទី៥ គឺមានវ័យ២៣ឆ្នាំនិងជាអ្នកខេត្តបាត់ដំបង។
ម្ចាស់ពានរូបនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍តាំងពីវគ្គ Judge Audition បន្ទាប់ពីបង្ហើរសំឡេងបទ «អនអើយស្រីអន» និងបង្ហាញសមត្ថភាពឱ្យគណៈកម្មការឃើញពីទេពកោសល្យរបស់គេខាងផ្នែកសិល្បៈបុរាណ។ មុននឹងបោះជំហានចូលប្រកួតលោកក៏ជាអ្នកចម្រៀងក្នុងវង់តន្រ្តីបុរាណ ខាត់ សួស្តី ផងដែរ។ 
សមត្ថភាពរបស់ គី សាវីន ត្រូវបានសាធារណជនមួយផ្នែកនិងអ្នកសិល្បៈជាច្រើនរូបបានចូលរួមសម្តែងក្តីអបអរក្នុងការដែលលោកបានក្លាយជាម្ចាស់ពានតាមក្តីស្រមៃបន្ទាប់ពីខិតខំប្រឹងប្រែងនៅលើវិថីមួយនេះ។ អ្នកខ្លះក៏ថា គី សាវីន ស័ក្តិសមហើយជាម្ចាស់ពានព្រោះចេះបានគ្រប់ទម្រង់ទាំងបុរាណ និង សម័យ។
ទោះយ៉ាងណាទន្ទឹមនឹងការគាំទ្រម្ចាស់ពានថ្មី ទស្សនិកជនមួយផ្នែកទៀតសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនេះដែលបេក្ខជន គី សាវីន ជាម្ចាស់ពាន Cambodian idol រដូវកាលទី៥ ។ ទស្សនិកជនក៏បានចោទកម្មវិធីដែរថាជ្រើសយកអ្នកមានប្រជាប្រិយភាព មិនយកពីសមត្ថភាពនៃអ្នកប្រកួតទៅវិញ៕










