ភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមបានចាប់ផ្តើមមានការវែកញែកបន្ទាប់ពីមានវីដេអូមួយរបស់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ បានច្រៀងចម្រៀងអំពីព្រះយេស៊ូគ្រិស្ត ហើយត្រូវបានអ្នកមួយចំនួនបញ្ចេញមតិមិនសមរម្យ។

វីដេអូរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ ដែលជាអ្នកចម្រៀងវ័យក្មេងកំពុងឡើងកូដ និងសមាជិកផ្សេងទៀតបានបកស្រាយពី« កុំឱ្យមានភាពអៀនខ្មាស ក្នុងការសសើរនិងថ្វាយបង្គំព្រះយេស៊ូ»។ វីដេអូនេះគឺបានបង្ហោះកាលពីយប់ថ្ងៃទី៤ វិច្ឆិកា ហើយបាននិងកំពុងមានការពិភាក្សាយ៉ាងច្រើននាពេលនេះ។
ភាពចម្រូងចម្រាសបានកើតឡើងទៅលើតារាចម្រៀងទាំងពីរដួងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខម្មិនបញ្ចេញមតិរិះគន់បែបនេះ បែបនោះ បង្ហាញពីការកាន់សាសនាផ្សេងៗ។ អ្នកខ្លះក៏បង្ហាញការហួសចិត្តទៅដល់អ្នកប្រើពាក្យមិនសមរម្យមិនគោរពសិទ្ធិអ្នកដទៃទោះជាកាន់សាសនាណាក៏ដោយក៏បង្រៀនមនុស្សឱ្យធ្វើទង្វើល្អ មិនបៀតបៀនអ្នកដទៃដែរ។ សួន សុវណ្ណចន្នី TOP4 The Voice Cambodia រដូវកាលទី៣ បានបង្ហាញថាលោកមានការទើសភ្នែកជាខ្លាំង ទោះជាគេកាន់សាសនាអ្វីក៏កាន់ទៅហេតុអ្វីត្រូវជេរគេ។
គួរបញ្ជាក់ថា ចំពោះសិល្បករ សិល្បការិនី ដែលបានប្រកាសប្រាប់មហាជនថាខ្លួនគោរពសាសនា យេស៊ូគ្រិស្ត មិនមែនមានតែ ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង ពេជ្រ សោភា ខេម ជាដើមក៏ជាអ្នកគោរពសាសនាគ្រិស្តដូចគ្នា រួមទាំងមានអ្នកនិងដទៃជាច្រើនទៀតព្រោះនេះគឺជាសិទ្ធិរបស់បុគ្គលក្នុងការជ្រើសរើសគោរព ប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។
ប៉ៃ ដាវីឌ គឺអតីតបេក្ខភាព Beat The Best រដូវកាលទី២។ ទោះបីជាបរាជ័យមិនសូវមានអ្នកគាំទ្រច្រើនអំឡុងពេលប្រកួតក្តី ប៉ុន្តែពេលនេះ ដាវីឌ កំពុងសាងប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីជោគជ័យក្នុងការ Cover ស្នេហ៍១ពាន់ឆ្នាំ អ្នកចម្រៀងតាម Pub រូបនេះបានចេញបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា «ល្ងង់បំផុត» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕










