សហរដ្ឋអាមេរិក៖ ជ័យជម្នះរបស់លោក Donald Trump នៅសេតវិមានបានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ។
យោងតាមសារព័ត៌មានបរទេសធំៗបានចុះផ្សាយថា Donald Trump គឺបានក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកហើយ ខណៈមហាសេដ្ឋីកំពូលៗជាច្រើនមិនបង្ហាញការគាំទ្រគណបក្សណាមួយដូច Elon Musk ក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះបានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែងយោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកសព្វថ្ងៃនេះ មានទ្រព្យសម្បត្តិបន្ថែមចំនួន ៤.៨ ពាន់លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃភាគហ៊ុន។ នេះជួយបង្កើនទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Tesla ពី ២៤៧.៤ ពាន់លានដុល្លារ ដល់ ២៦៤.៧ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះថៅកែ Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយក្នុងចំណោមមហាសេដ្ឋីទាំងប្រាំនៅលើពិភពលោក ក៏រកបាន ៣.៥ ពាន់លានដុល្លារ នៅថ្ងៃបោះឆ្នោតអាមេរិកផងដែរ។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បច្ចុប្បន្នឈានដល់ ២១៦.៥ ពាន់លានដុល្លារហើយ។ លើសពីនេះលោក Larry Ellison សហស្ថាបនិក Oracle ក៏រកចំណូលបានបន្ថែមចំនួន ២.៧ ពាន់លានដុល្លារអាមេរិក ដែលជួយនាំយកទ្រព្យសម្បត្តិសរុបរបស់លោកដល់២០៩.១ ពាន់លានដុល្លារ។
រីឯថៅកែ Meta លោក Mark Zuckerberg វិញក៏ទើបតែទទួលបាន ៤ ពាន់លានដុល្លារបន្ថែមនៅថ្ងៃបោះឆ្នោតផងដែរ។ ចំនួននេះជួយបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះដល់ ១៩៨ ពាន់លានដុល្លារ។ បច្ចុប្បន្ននាយកប្រតិបត្តិ Meta គឺជាអ្នកមានបំផុតទីបួនក្នុងពិភពលោក នេះបើយោងតាមទស្សនាវដ្ដី Forbes។ ចំណែកនាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏ទើបតែទទួលបានប្រាក់បន្ថែមចំនួន ៣.៣ ពាន់លានដុល្លារ បន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបានជួយបង្កើនទ្រព្យសម្បត្តិសរុបរបស់លោកដល់ ១២២.១ ពាន់លានដុល្លារអាមេរិក៕.png)










