សហរដ្ឋអាមេរិក ៖ លោក Elon Musk ជាមហាសេដ្ឋី និង CEO របស់ក្រុមហ៊ុន Tesla នឹងទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនមហាសាលពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដោយសារលោកបានចេញមុខគាំទ្រលោក Donald Trump ក្នុងពេលរកសំឡេងឆ្នោតកន្លងមក ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងរហូតដល់ជិត១៥% កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីលោក Trump ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។ ហេតុនេះ វាធ្វើឱ្យទឹកប្រាក់របស់ Tesla កើនឡើងប្រមាណ១២ម៉ឺនលានដុល្លារអាមេរិក ។
លោក Elon Musk បានចំណាយប្រាក់ចំនួន៧៥លានដុល្លារអាមេរិកឱ្យក្រុមឃោសនារកសំឡេងឆ្នោតគាំទ្រលោក Trump ។ លោក Trump និយាយថា នឹងបង្កើតគណៈកម្មការលើកកម្ពស់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលកណ្តាល ហើយគណៈកម្មការនេះដឹកនាំដោយលោក Elon Musk ។
លោក Elon Musk នឹងមានឥទ្ធិពលកាន់តែខ្លាំង ក្រោយពីលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្ន លោក Elon Musk ជាម្ចាស់ប្រព័ន្ធអ៊ីនធើរណេតតាមផ្កាយរណប Starlink និង CEO របស់ Tesla ។ កន្លងមក លោកបានទទួលផលប្រយោជន៍ពីគោលនយោបាយមួយចំនួនរបស់លោក Trump រួមទាំងគោលនយោបាយការផលិត និងប្រើប្រាស់ថាមពលព្រះអាទិត្យ និងរថយន្តអគ្គិសនី ដែលអនុម័តច្បាប់ដោយលោក ចូ បៃឌិន នៅឆ្នាំ២០២២ ។
លោកបានការពារហានិភ័យអាជីវកម្មរបស់ខ្លួន ដោយសហការជាមួយលោក Trump និងទទួលបានការយកចិត្តទុកដាក់ពីលោក Trump ។ បើទោះជា Tesla មានឧបសគ្គក្នុងការដំណើរការក្តី ប៉ុន្តែ Tesla នឹងអាចជម្នះឧបសគ្គទាំងអស់ ពេលមានលោក Trump នៅពីក្រោយខ្នង ។ រីឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Lucid Group និង Rivian Automotive របស់អាមេរិក បានធ្លាក់ចុះ៥,៣% និង៨,៣% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនចិន BYD ធ្លាក់ចុះ២,៣% ត្រឹមរយៈពេល១យប់ ។ 
អ្នកវិភាគនិយាយថា លោក Trump នឹងដំឡើងពន្ធរថយន្តអគ្គិសនីចិនដែលនាំចូលអាមេរិក ហើយនឹងជួយការពារ Tesla ពីការប្រកួតប្រជែង ។ ការលុបចោលបទប្បញ្ញត្តិផ្សេងៗ និងកាត់បន្ថយការចំណាយរបស់ Tesla នឹងធ្វើឱ្យលោក Elon Musk មានឥទ្ធិពលខ្លាំងនៅអាមេរិក ផ្នែកបច្ចេកវិទ្យា, ការស្រាវជ្រាវអវកាស និងរថយន្តអគ្គិសនី ហើយលោកនឹងទទួលផលប្រយោជន៍ដោយផ្ទាល់តាមរយៈ Tesla និងក្រុមហ៊ុនផ្សេងៗ ។
ហេតុនេះ លោក Elon Musk អាចព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបន្ធូរបន្ថយផ្នែកច្បាប់ពាក់ព័ន្ធនឹងអាជីវកម្មនានាដែលលោកគ្រប់គ្រង ។ កន្លងមក លោកនិយាយថា នឹងពន្លឿនការអនុម័តច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិ ៕










