នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។
បើតាមលោក Norio Saito បានលើកឡើងថា៖”ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥”។
គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” ក្រោមគម្រោងហិរញ្ញប្បទានតម្លៃ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងកំពង់ចាម៕










