ប្រទេសចិន៖ ស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកានេះហើយ ត្រូវបានគេដឹងថាជា Mate 70 ដែលជាការអាប់ដេតថ្មីពី Mate 60 ដ៏ពេញនិយមកាលពីឆ្នាំមុន។
នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន Huawei លោក Richard Yu បានសរសេរនៅលើ Weibo កាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា “Mate ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រនឹងដាក់បង្ហាញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ”។
ទោះជាយ៉ាងណា លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីឈ្មោះផលិតផល ឬពេលវេលាចេញលក់នោះទេ។ ទោះបីជាយ៉ាងនេះក្តី ម៉ូដែលថ្មីដែលនឹងដាក់បង្ហាញ ទំនងជា Mate 70 ដែលស្នងតំណែងពី Mate 60 ។ Mate 70 ត្រូវបានគេរំពឹងថានឹងបំពាក់ដោយបន្ទះឈីប Kirin 9100 ដែលផលិតនៅលើដំណើរការ 5 nm ដោយ SMIC ។ លើសពីនេះ ផលិតផលអាចត្រូវបានដំឡើងជាមួយ HarmonyOS 5.0 ដែលជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទបង្កើតឡើងដោយក្រុមហ៊ុន Huawei និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android ។ .png)
នេះបើតាម South China Morning Post ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei កំណត់គោលដៅលក់ខ្ពស់ជាងជំនាន់មុន ដោយចំនួនគ្រឿងបន្លាស់ត្រូវបានកុម្ម៉ង់កើនឡើង ៥០% បើធៀបនឹង Mate 60 ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថាបានត្រៀម Mate 70 ស៊េរីថ្មីនេះច្រើនជាងមួយលានគ្រឿងសម្រាប់ចែកចាយផងដែរ។
គួរបញ្ជាក់ដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវការដាក់បង្ហាញស៊េរី Mate 60 ដែលជាស្មាតហ្វូនអាចប្រើ 5G ដំបូងបង្អស់របស់ខ្លួន។ យោងតាមអ្នកវិភាគ ការដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននៅខែនេះ នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់ Huawei ក្នុងការដណ្តើមយកចំណែកទីផ្សារនៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់ ហើយក្រុមហ៊ុនក៏នឹងបន្តប្រកួតប្រជែងជាមួយ Samsung និង Apple ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកផងដែរ៕










