ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងថា កោះកុត គឺជារបស់ប្រទេសថៃ ថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណាទេ ហើយលោកស្រីគិតពីផលប្រយោជន៍ជាតិជាធំ ។ លោកស្រីបានបញ្ជាក់ទៅកាន់ពលរដ្ឋបែបនេះ ក្រោយពីពលរដ្ឋបារម្ភខ្លា.ចបាត់បង់កោះកុតទៅឱ្យកម្ពុជា ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សភឿថៃ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានការងារ និងបញ្ហាផ្សេងៗ ដែលមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបចូលរួម ។ កិច្ចប្រជុំក៏បានលើកឡើងពីការចុះ MOU 2544 ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
លោកស្រី ផេថងថន បានថ្លែងក្រោយកិច្ចប្រជុំថា ៖ «កោះកុត ជារបស់ថៃតាំងពីយូរមកហើយ កម្ពុជាក៏បានដឹងដែរថា កោះកុតជារបស់ថៃតាមសន្ធិសញ្ញាបារាំង ។ រដ្ឋាភិបាលថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណា យើងពុំធ្លាប់មានបញ្ហាជាមួយកម្ពុជាទេ ប៉ុន្តែពលរដ្ឋថៃយល់ខុសខ្លួនឯង ។ ការចុះ MOU 2544 រវាងថៃ និងកម្ពុជានៅតែដំណើរការ គ្មានការលុបចោលទេ ពីព្រោះការលុបចោលត្រូវមានការយល់ព្រមពីថៃ និងកម្ពុជា ហើយបើថៃលុបចោលនោះនឹងត្រូវកម្ពុជាប្តឹង» ។
ចំណែកកោះកុត ពុំពាក់ព័ន្ធនឹងការចរចា MOU ទេ ហើយសូមពលរដ្ឋថៃគ្រប់រូបសប្បាយចិត្ត និងឈប់បារម្ភទៀតទៅ ពីព្រោះថៃនឹងពុំបាត់បង់កោះនេះទេ ។ ប្រទេសថៃពុំអាចលុបចោល MOU ឡើយ បើគ្មានការយល់ព្រមរវាងថៃ និងកម្ពុជា បើទោះជាមតិមួយចំនួនស្នើឱ្យរដ្ឋាភិបាលថៃលុបចោល MOU ក្តី ដើម្បីកុំឱ្យមានទំនាស់ជាមួយប្រទេសជិតខាង ។ ការរក្សាភាពស្ងប់ស្ងាត់ គឺជារឿងសំខាន់ ហើយបើថៃលុបចោល MOU តើនឹងទទួលបានអ្វី? ករណីថៃលុបចោលជាឯកតោភាគីនឹងត្រូវកម្ពុជាប្តឹងមិនខាន ។
ពលរដ្ឋថៃគួរតែជ្រាបពីចំណុចខាងក្រោមនេះ ៖
១-MOU មិនពាក់ព័ន្ធនឹងកោះកុតទេ
២-MOU គឺជារឿងរវាងប្រទេសពីរ បើចង់លុបចោល ត្រូវតែមានការយល់ព្រមពីប្រទេសទាំងពីរ
៣-ថៃពុំចាញ់ប្រៀបពាក់ព័ន្ធនឹង MOU ទេ ។
ហេតុនេះ សូមពលរដ្ឋកុំយករឿងនយោបាយមកលាយឡំធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងកម្ពុជា ហើយយើងចង់ឱ្យពលរដ្ឋយល់ពីគ្នាទៅវិញទៅមក ។ រីឯបញ្ហាថាមពលក្រោមសមុទ្រ ថៃត្រូវតែសិក្សាលម្អិតពីការបែងចែកគ្នាជាមុនសិន ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍យ៉ាងយុត្តិធម៌ ដោយថៃបានបញ្ជូនគណៈកម្មការទៅសិក្សាលម្អិតជាមួយកម្ពុជា ។ ខ្ញុំជាពលរដ្ឋថៃ១០០% ទើបខ្ញុំគិតពីប្រទេសថៃ និងពលរដ្ឋជាចម្បង រដ្ឋាភិបាលនឹងរក្សាទឹកដីមិនឱ្យបាត់បង់ និងធ្វើឱ្យពលរដ្ឋមានសេចក្តីសុខបំផុត ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ៕










