នៅពេលបច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំងឡើង បានធ្វើឱ្យយើងឃើញស្នាដៃជាច្រើនដែលបង្កើតឡើងដោយមនុស្សយន្ត ។ ជាក់ស្តែង ស្នាដៃសិល្បងៈដ៏ទំនើបនេះ គឺកើតឡើងដោយសារដៃមនុស្សយន្តប្រើប្រាស់បច្ចេកវិទ្យា AI រៀនសូត្រពីជំនាញគូរគំនូរតាមមនុស្ស បន្ទាប់មក ដៃមនុស្សយន្តនឹងគូរគំនូរជាថ្មីតាមរបៀបមនុស្សយន្ត ។.png)
គំនូរគូរដោយដៃមនុស្សយន្តនេះ បានក្លាយជាការរួមបញ្ចូលគ្នារវាងស្នាដៃសិល្បៈរបស់មនុស្សជាមួយបច្ចេកវិទ្យា AI យ៉ាងស្រស់ស្អាត ។ មនុស្សយន្តអាចប្រើប្រាស់ដៃគូរគំនូរនេះ មានឈ្មោះថា D.O.U.G ដែលបង្កើតឡើងដោយអ្នកជំនាញដ៏ល្បីឈ្មោះម្នាក់ជាកូនកាត់ចិន និងកាណាដា គឺអ្នកស្រី Sougwen Chung ។.png)
អ្នកស្រីរៀបរាប់ថា អ្នកស្រីបានចំណាយពេលពេលវេលាអស់ជាច្រើនឆ្នាំអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដើម្បីជួយឱ្យមនុស្សយន្តអាចប្រើប្រាស់ដៃគូរគំនូរ ក្រោយពីវាបានរៀនសូត្រតាមផ្ទាំងគំនូរដែលគូរដោយមនុស្ស ។
អ្នកស្រី Sougwen Chung បានបង្កើតប្រព័ន្ធបណ្តាញសរសៃប្រសាទសិប្បនិម្មិត និងហ្វឹកហាត់មនុស្សយន្តឱ្យចេះវិភាគពីផ្ទាំងគំនូរដែលអ្នកស្រីបានគូរ ដើម្បីឱ្យវាអាចគូររូបតាមអ្នកស្រី ។ នេះជាផ្នែកមួយដើម្បីឱ្យយើងឈ្វេងយល់ថា តើមនុស្ស និងមនុស្សយន្តអាចធ្វើការរួមគ្នាបានដែរឬទេ ។
ក្រៅពីនេះ អ្នកស្រីត្រូវបានគេសរសើរថា គឺជាអ្នកចាប់ផ្តើមបង្កើតការសហការគ្នារវាងមនុស្សជាមួយមនុស្សយន្តទៀតផង ហើយអ្នកស្រីក៏ស្ថិតក្នុងចំណោមបុគ្គល១០០នាក់ ដែលមានឥទ្ធិពលបំផុតលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI និងការច្នៃប្រឌិត ដែលចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Time កាលពីឆ្នាំ២០២៣ ។
ការបង្ហាញស្នាដៃគូរគំនូរដោយដៃមនុស្សយន្តនេះ គឺបានធ្វើឡើងក្នុងកម្មវិធី «The House of Fine Art» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ រូបគំនូរគូរដោយដៃមនុស្សយន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមកម្មវិធី ។
រូបគំនូរគូរដោយដៃមនុស្សយន្តខ្លះទៀត ត្រូវបានអ្នកចូលរួមកម្មវិធី «The House of Fine Art» ប្រមូលទិញយក ដោយសារពួកគេចាប់អារម្មណ៍នឹងស្នាដៃសិល្បៈដែលកើតឡើងពីការសហការរវាងមនុស្ស និងមនុស្សយន្ត ។ ស្នាដៃសិល្បៈទាំងនេះបានរំលេចរូបភាពយ៉ាងល្អឥតខ្ចោះនៅលើផ្ទាំងក្រណាត់ ៕










