ប្រទេសម៉ាឡេស៊ី ៖ សេដ្ឋវិទូជាន់ខ្ពស់មកពីធនាគារពិភពលោក (World Bank) និយាយថា ម៉ាឡេស៊ីនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល៤ឆ្នាំខាងមុខ (ឬមានចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨) ដោយសារសេដ្ឋកិច្ចម៉ាឡេស៊ីរីកចម្រើនខ្លាំងជាងប្រទេសនានានៅអាស៊ាន លើកលែងសិង្ហបុរី ហើយតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ។
លោក Apurva Sanghi ប្រធានសេដ្ឋវិទូធនាគារពិភពលោក ប្រចាំម៉ាឡេស៊ីនិយាយថា ម៉ាឡេស៊ីបានដើរលើផ្លូវឈានទៅសម្រេចគោលដៅនេះ ក្រោយពីធនាគារពិភពលោក បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចម៉ាឡេស៊ី នៅឆ្នាំ២០២៤ ពី៤,៣% មកស្មើ៤,៩% ។ កំណើនខ្ពស់នេះ មានន័យថា ពលរដ្ឋម៉ាឡេស៊ីមានកម្រិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ព្រមទាំងតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ដែលបានជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗ ។
ចំណែកសេដ្ឋកិច្ចម៉ាឡេស៊ី ក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរីកចម្រើនជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត រហូតដល់១២% ។ នេះចាត់ទុកថា គឺជាការរីកចម្រើនយ៉ាងខ្លាំង និងវ៉ាដាច់ស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែសិង្ហបុរី ។
លោក Apurva យល់ឃើញថា កត្តាទាំងអស់នេះនឹងជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨ ប្រសិនបើមានកំណែទម្រង់ជាបន្តបន្ទាប់ ។
លោកក៏បានសំណូមពរឱ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភាពសំខាន់លើការធ្វើកំណែទម្រង់ផ្សេងៗដើម្បីឱ្យម៉ាឡេស៊ីរីកចម្រើនកាន់តែខ្លាំង ព្រមទាំងបន្ធូរបន្ថយការឧបត្ថម្ភធុនទិញប្រេងឥន្ធនៈ ។ ក្រៅពីនេះ រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាការធ្វើការកម្រិតទាប ឬធ្វើការទាបជាងជំនាញរបស់ពលរដ្ឋម៉ាឡេស៊ីប្រមាណ២លាននាក់ ដែលពួកគេមានសមត្ថភាពខ្ពស់ជាងការងារដែលកំពុងធ្វើ ។
ធនាគារពិភពលោក បានកំណត់លក្ខខណ្ឌប្រទេសដែលមានចំណូលខ្ពស់ គឺត្រូវតែជាប្រទេសមានចំណូលជាតិសរុប (Gross National Income: GNI) ក្នុងពលរដ្ឋម្នាក់លើសពី១៤.០០៥ដុល្លារអាមេរិក ។.png)
ការធ្វើការកម្រិតទាប មានន័យថា គឺជាការធ្វើការមិនពេញលេញ ដែលកើតឡើងក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ។ ជាក់ស្តែង ពលរដ្ឋមួយចំនួនពុំបានធ្វើការពេញម៉ោង ដោយសារមានការងារតិច ឬពលរដ្ឋពុំអាចស្វែងរកការងារពេញម៉ោងធ្វើបាន ឬសុខចិត្តធ្វើការទាបជាងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទើបធ្វើឱ្យពួកគេទទួលបានប្រាក់ចំណូលតិចតួចជាងការរំពឹងទុក ៕










