ឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe នៅលើទឹកដីម៉ិកស៊ិកបានចេញជារូបរាងហើយគឺមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល»។ ឈុតតំណាងជាតិនេះគឺប្រកបដោយភាពប្រណីតនិងបង្កប់ទៅដោយអត្ថន័យ។ ឃើញឈុតតំណាងជាតិនេះហើយអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ជ្រួលជ្រាលយ៉ាងខ្លាំងរហូតនាំគ្នាចោទកម្ពុជាចម្លងស្នាដៃរបស់ខ្លួន។
ស្ថាប័ន Miss Universe Cambodia បានប្រកាសឈុតតំណាងជាតិរបស់ខ្លួនហើយនៅល្ងាចថ្ងៃទី២៥ តុលា ដែលមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល (God of the Middle Period)»។ តាមការបញ្ជាក់របស់ស្ថាប័ន ឈុតនេះដកស្រង់ និងច្នៃប្រឌិតចេញពីបដិមានៅក្នុងសម័យកណ្ដាល (ឬសម័យក្រោយអង្គរ ឬលង្វែក) ដែលជាសម័យកាលមួយដ៏រុងរឿងមួយបន្ទាប់ពីសម័យអង្គរ។ .png)
ឈុតនេះបង្ហាញពីអំណាច ភាពខ្ពង់ខ្ពស់នៃអាទិទេព និងសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ។ ចម្លាក់បដិមាឆ្លាក់ពីឈើ អមដោយក្បាច់ក្បូរល្អប្រណិត ជាពិសេសលើសម្លៀកបំពាក់ និងគ្រឿងអល្លង្ការ ដែលអាចឃើញនៅក្នុងសារមន្ទីរជាតិ និងសារមន្ទីរអង្គរខេត្តសៀមរាប ហើយក៏បានចងក្រងនៅក្នុងសៀវភៅ ដែលកត់ត្រាលោកស្រី Madeleine Giteau ផងដែរ។
បន្ទាប់ពីប្រកាសឈុតតំណាងជាតិសម្រាប់ប្រកួតនៅលើឆាក Miss universe លើកទី៧៣ឆ្នាំ២០២៤ នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពោលសរសើរថាស្រស់ស្អាតប្រណីតចេញមកឈ្នះតែម្តង។
ជាមួយនឹងការបញ្ចេញឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន យកទៅប្រកួតគេសង្កេតឃើញថាអ្នកដែលកើតទុក្ខមិនសុខចិត្តគឺអ្នកលេងបណ្តាញសង្គមផ្ទះលេខ២មួយចំនួនចោទថាកម្ពុជាចម្លងឈុតរបស់ខ្លួន ហើយក៏មិនចង់ឃើញកម្ពុជាបង្ហាញឈុតនេះនោះទេ។ គួរឱ្យដឹងថាឈុតនេះច្នៃដោយ ស្ករគ្រាប់ និង ពៅ v មង្គលសំអាងការ។
អ្នកនាង ប្រាសាទ ដាវីន នឹងចេញដំណើរទៅប្រកួតនៅប្រទេសម៉ិកស៊ិក(Mexico) នាថ្ងៃទី២៧ ខែតុលា វេលាម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរទៅកាន់ការប្រកួតនេះគឺចំណាយពេល១ថ្ងៃកន្លះទៅ២ថ្ងៃ។ ប្រាសាទ ដាវីន គឺជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe លើកទី៧៣ នៅប្រទេសម៉ិនស៊ិក។ 
ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក ខណៈ ប្រាសាទ ដាវីន អាចបំបែកកំណត់ត្រានេះបានឬយ៉ាងណាមានតែតាមដានបន្តទៀត៕










