ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានសហការគ្នាស្រាវជ្រាវជាថ្មីក្នុងល្អាងសួងហឺ ដែលជាល្អាងមានប្រវែង វែងបំផុតនៅតំបន់អាស៊ី ហើយពួកគេរកឃើញថា ប្រវែងរបស់ល្អាងបានកើនឡើងបន្ថែមទៀតពុំគួរឱ្យជឿ ។ ការស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។.png)
សារព័ត៌មានស៊ីនហួរបានរាយការណ៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិនិយាយថា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកម្រិតអន្តរជាតិ អំពីល្អាងសួងហឺ លើកទី២៣ ក្នុងខេត្តហ្គីចូវ នៅភាគនិរតីប្រទេសចិនឃើញថា ប្រវែងរបស់ល្អាងនេះកើនឡើងពី៤០៩គីឡូម៉ែត្រ រហូតដល់៤៣៧គីឡូម៉ែត្រ ។
ល្អាងសួងហឺ ត្រូវបានគេចាត់ទុកថា គឺជាល្អាងវែងបំផុតក្នុងតំបន់អាស៊ី, ល្អាងវែងបំផុតលំដាប់ទី៣ លើពិភពលោក និងជាល្អាងថ្ម Dolomite វែងបំផុតលើពិភពលោក ។ តាមការស្រាវជ្រាវចុងក្រោយបង្អស់បញ្ជាក់ថា ល្អាងនេះមានរន្ធតភ្ជាប់គ្នាចំនួន១១៥រន្ធ ដែលបានកើនឡើងពី១០៧រន្ធ ហើយក្នុងល្អាងមានហ្វូស៊ីលសត្វកើនឡើងផងដែរ ដូចជា ៖ ហ្វូស៊ីលខ្លាឃ្មុំយក្ស ២ក្បាល ។
ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនលើកកន្លងមក បានរកឃើញហ្វូស៊ីលសត្វខ្លាឃ្មុំយក្សជាច្រើនដុំ ហើយដុំហ្វូស៊ីលចាស់បំផុត គឺមានអាយុ១សែនឆ្នាំ ។ នេះបញ្ជាក់ថា ខ្លាឃ្មុំយក្សធ្លាប់រស់នៅខេត្តហ្គីចូវ ហើយបច្ចុប្បន្ន ខ្លាឃ្មុំប្រភេទនេះរស់នៅខេត្តស៊ីឈួន, សានស៊ី និងហ្គាន់ស៊ូ ។
លោក Jean Bottassi អ្នកស្រាវជ្រាវល្អាងជនជាតិបារាំង និងជាប្រធានក្រុមស្រាវជ្រាវលើកនេះ ដែលលោកមានបទពិសោធន៍ស្រាវជ្រាវល្អាងនៅចិនអស់ជាង៣០ឆ្នាំ និយាយថា ក្រុមអ្នកស្រាវជ្រាវបានស្កេនឡាស៊ែរ 3D ដើម្បីបង្កើនភាពត្រឹមត្រូវនៃការវាស់វែង ។ ក្រៅពីនេះ ពួកគេបានរកឃើញទន្លេក្រោមដីដ៏ធំទៀតផង ហើយអ្នកស្រាវជ្រាវសន្និដ្ឋានថា ទន្លេនេះ គឺជាមូលហេតុដែលធ្វើឱ្យប្រវែងល្អាងកើនឡើងបន្ថែមទៀត ។.png)
លោកបន្តថា តាំងពីចុងឆ្នាំ១៩៨០ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានអាប់ឌេតប្រវែងរបស់ល្អាងម្តងហើយម្តងទៀត ហើយបានរកឃើញហ្វូស៊ីលក្នុងល្អាង និងសត្វមានជីវិតជាច្រើន ។ យើងចាត់ទុកថា នេះជាការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏សម្បូរបែប និងមានតម្លៃ ។
អ្នកស្រាវជ្រាវល្អាងជនជាតិបារាំងម្នាក់ទៀតឈ្មោះ Anne Cholin និយាយថា ល្អាងសួងហឺ គឺជាល្អាងពិសេសដ៏មានតម្លៃផ្នែកបុរាណវិទ្យា និងការសិក្សាពីបម្រែបម្រួលអាកាសធាតុក្នុងសម័យបុរាណ ។ ការរុករកល្អាង និងសមុទ្រជ្រៅលើអវកាស គឺជាវិធីយល់ដឹងពីពិភពលោកដែលយើងរស់នៅតាមបែបវិទ្យាសាស្ត្រ ។.png)
ការស្រាវជ្រាវក្នុងល្អាងសួងហឺ ប្រទេសចិន គឺមានការចូលរួមពីអ្នកស្រាវជ្រាវចិន, បារាំង, ព័រទុយហ្គាល់, បែលហ្សិក និងអ្នកស្រាវជ្រាវមកពីប្រទេសផ្សេងទៀត ។ ល្អាងសួងហឺ ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ» ហើយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសនានាបានស្រាវជ្រាវក្នុងល្អាងនេះ យ៉ាងហោចណាស់ ២២លើក គិតចាប់ពីឆ្នាំ១៩៨៨ ៕










