ប្រទេសជប៉ុន ៖ ពលរដ្ឋក្នុងបណ្តាប្រទេសអាស៊ានមួយចំនួននិយមប្រើប្រាស់សម្ភារៈជជុះនាំចូលពីជប៉ុន ហើយពួកគេពុំបានជ្រាបពីប្រភពរបស់វាទេ ។ ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់ជប៉ុនបានបង្ហាញឱ្យឃើញថា តើជប៉ុនប្រមូលសម្ភារៈជជុះទាំងនេះមកពីណាសម្រាប់នាំចេញទៅក្រៅប្រទេស ដូចជា ៖ ថៃ និងកម្ពុជា ។ ពេលបានជ្រាបពីប្រភពរបស់វាហើយ ធ្វើឱ្យអ្នកប្រើប្រាស់សម្ភារៈជជុះជប៉ុនព្រឺសម្បុរមិនតិចនាក់ទេ ។
.png)
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឈ្មោះ ANN News បានថតផ្ទះឈើចាស់មួយកន្លែងស្ថិតនៅទីក្រុងសាប់បូរ៉ូ របស់ហុកកៃដូ ដែលកោះដ៏ធំបំផុតទី២ របស់ជប៉ុន និងបង្ហាញពីប្រភពសម្ភារៈជជុះជប៉ុន ដែលបញ្ជូនទៅលក់នៅក្រៅប្រទេស ។
លោក Minato Gendo អាយុ៤៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនកែច្នៃសម្ភារៈចាស់ៗនៅហុកកៃដូ និយាយថា ការងាររបស់លោក គឺសម្អាតផ្ទះដែលម្ចាស់ផ្លាស់ប្តូរទីលំនៅ ។ ក្នុងផ្ទះចាស់នីមួយៗតែងតែមានសម្ភារៈមានតម្លៃជាច្រើនអាចលក់ទៅក្រៅប្រទេសបាន ។ រីឯប្រទេសដែលជប៉ុនបញ្ជូនសម្ភារៈជជុះទៅច្រើនជាងគេ គឺថៃ ដោយសារថៃចូលចិត្តប្រើប្រាស់សម្ភារៈជប៉ុន ។.png)
ជាក់ស្តែង កង្ហារជជុះជប៉ុន គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលលក់ដាច់បំផុតនៅប្រទេសថៃ គឺមានតម្លៃចាប់ពី៣ពាន់យ៉េន ទៅ៤ម៉ឺនយ៉េន ។ បើទោះជាកង្ហារខ្លះពុំទទួលបានការពេញនិយមនៅជប៉ុនក្តី ប៉ុន្តែមានអ្នកត្រូវការវាយ៉ាងច្រើននៅថៃ ។
ក្រៅពីនេះ លោក Minato ក៏មានតួនាទីចាត់ចែងរឿងកេរ្តិ៍មរតករបស់ពលរដ្ឋជប៉ុនដែលស្លាប់ផងដែរ ពីព្រោះជាទូទៅ កូនចៅអ្នកស្លាប់ តែងតែផ្លាស់ប្តូរទីលំនៅ និងលក់សម្ភារៈចាស់ៗនៅសេសសល់ ។ លោកនិយាយថា ៖ «សម្ភារៈប្រមាណ៧៥% អាចបញ្ជូនទៅលក់នៅថៃ ដូចជា តុអាហារ, កៅអី, តុក្កតា, សាឡុង, នាឡិកា និងគ្រឿងសង្ហារិមផ្សេងៗ» ។
លោកបញ្ជាក់ថា សម្ភារៈជជុះដែលជប៉ុនបញ្ជូនទៅលក់នៅថៃ និងប្រទេសផ្សេងទៀត គឺភាគច្រើនជាសម្ភារៈរបស់ពលរដ្ឋជប៉ុនដែលស្លាប់ ឬជារបស់គ្រួសារជប៉ុន ដោយសារពួកគេឈប់ប្រើប្រាស់ ។ ជប៉ុនបានបញ្ជូនសម្ភារៈជជុះមកប្រទេសថៃ តាមរយៈកុងទឺន័រដឹកតាមសមុទ្រមានចម្ងាយជាង ៥.០០០គីឡូម៉ែត្រ ។.png)
ទោះយ៉ាងណា មិនមែនគ្រប់សម្ភារៈជជុះជប៉ុន សុទ្ធតែជារបស់ពលរដ្ឋជប៉ុនដែលស្លាប់ទេ ប៉ុន្តែសម្ភារៈមួយចំនួនទៀត គឺជារបស់ពលរដ្ឋជប៉ុនដែលមានបញ្ហាជំពាក់បំណុល ហើយពួកគេក៏ប្រកាសលក់សម្ភារៈរបស់ខ្លួនយកប្រាក់សំណងបំណុល ។
ចុះលោកអ្នកវិញ ធ្លាប់ទិញសម្ភារៈជជុះនាំចូលពីប្រទេសជប៉ុនដែរឬទេ? បើធ្លាប់ទិញ តើសម្ភារៈជជុះជប៉ុនមានគុណភាពល្អដែរអត់? ហើយតម្លៃវិញថោក ឬថ្លៃ?










