ប្រទេសវៀតណាម ៖ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជា ៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានសាកល្បងឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគិតពីសុខភាពបុគ្គលិក ។ រីឯបុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% បាននិយាយក្នុងការស្ទង់មតិថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។
យោងតាមការស្ទង់មតិបុគ្គលិក និងអាជីវកម្មនានាក្នុង១១ប្រទេសនៅតំបន់អាស៊ីបង្ហាញថា នាយកក្រុមហ៊ុន៩៤% នៅទីក្រុងហុងកុង យល់ឃើញថា ពួកគេអាចឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ពីព្រោះជឿថា វានឹងអាចទាក់ទាញ និងការពារកុំឱ្យបុគ្គលិកលាឈប់ពីការងារ ។ រីឯបុគ្គលិកមានជំនាញការងារ៩១% និយាយថា ពួកគេនឹងដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនណា ដែលអនុវត្តគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។.png)
បើប្រៀបធៀបជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ការផ្លាស់ប្តូរមកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍នៅវៀតណាម គឺយឺតយ៉ាវជាងប្រទេសផ្សេង ក្នុងនោះនាយកក្រុមហ៊ុននៅវៀតណាម២៦% និយាយថា ពួកគេរីករាយឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ។ រីឯការបារម្ភរបស់នាយកក្រុមហ៊ុនវៀតណាមពីគោលការណ៍ធ្វើការ៤ថ្ងៃ រួមមាន ៖ ពិបាកអនុវត្តការងារឱ្យបានជាប់លាប់ក្នុងក្រុមហ៊ុន និងការចំណាយដើមទុនក្នុងក្រុមហ៊ុនកើនឡើង ។
ប៉ុន្តែនាយកក្រុមហ៊ុនវៀតណាម៧៥% គាំទ្រគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ដោយពួកគេជឿថា ការធ្វើបែបនេះនឹងជួយបង្កើនលទ្ធផលការងាររបស់បុគ្គលិក ។ ដូចគ្នានេះ នាយកក្រុមហ៊ុនវៀតណាម៥០% ជឿថា ការអនុវត្តគោលការណ៍នេះនឹងជួយទាក់ទាញ និងការពារបុគ្គលិកមានជំនាញកុំឱ្យលាឈប់ពីការងារ ។.png)
ដោយឡែក យោងតាមរបាយការណ៍ «4-day work week: Is Asia ready?» របស់ Robert Walters បញ្ជាក់ថា បុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% និយាយថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។ រីឯបុគ្គលិកវៀតណាម៦២% ទៀតជឿថា ការធ្វើការចំនួន៤ថ្ងៃនេះ នឹងអាចជួយបង្កើនលទ្ធផលការងារ ។
ប៉ុន្តែបុគ្គលិកក្រុមហ៊ុនវៀតណាម៤០% ពុំយល់ស្របនឹងគោលការណ៍នេះទេ ដោយសារពួកគេបារម្ភពីការដាក់សម្ពាធការងារ គឺពួកគេត្រូវបំពេញការងារក្នុងចំនួនដូចមុន ប៉ុន្តែម៉ោងធ្វើការធ្លាក់ចុះ ។ ពួកគេមិនប្រាកដចិត្តថា នឹងអាចធ្វើការងារបានល្អកម្រិតណា ហើយពួកគេគាំទ្រឱ្យធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។
បើអនុវត្តគោលការណ៍ធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បុគ្គលិកក្រុមហ៊ុនវៀតណាម៥០% និយាយថា ពួកគេរីករាយនឹងធ្វើការលើសមុន២ម៉ោងក្នុង១ថ្ងៃ ដើម្បីទទួលបានប្រាក់ខែពេញដូចមុន ។ រីឯបុគ្គលិកវៀតណាម៦០% ទៀតប្រាប់ថា ពួកគេគាំទ្រការកាត់បន្ថយថ្ងៃធ្វើការ ព្រមទាំងធ្វើការច្រើនមុខ ៕










