ហ្វីលីពីន៖ ផុតពីព្យុះត្រូពិក Bebinca ឥឡូវនេះប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងព្យុះថ្មីមួយទៀតហើយគឺព្យុះត្រពិក Trami ដែលនឹងបោកបក់មកលើតំបន់ជាច្រើនក្នុងប្រទេសនេះបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត។.png)
យោងតាមសារព័ត៌មានបរទេស Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសហ្វីលីពីនបានប្រកាសអាសន្នអំពីហានិភ័យគ្រោះមហន្តរាយនៅតំបន់ចំនួន ៧ ក៏ដូចជាបានផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀន ហើយធនាគារកណ្តាលរបស់ខ្លួនក៏បានបញ្ឈប់ការជួញដូររូបិយប័ណ្ណបរទេសជាបណ្តោះអាសន្នផងដែរ ដោយសារព្យុះត្រូពិច Trami ខិតជិតមកដល់ ដែលអាចបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាន។
អ្នកព្យាករណ៍អាកាសធាតុរដ្ឋ Pag-asa បាននិយាយថា ឥទ្ធិពលព្យុះត្រូពិក Trami នឹងមកដល់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី ២៤ ខែតុលានេះហើយ ដែលនឹងបក់បោកក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់ចំនួន ៧ ត្រូវជម្លៀសអ្នកស្រុកចេញជាបន្ទាន់។ គិតត្រឹមម៉ោង ៨:៥០ នាទីយប់ថ្ងៃទី២២ ខែតុលា តំបន់មួយចំនួនត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងខ្យល់បក់ខ្លាំងបាត់ទៅហើយ ទម្រាំតែព្យុះ Trami បានមកដល់ទៀត ប្រទេសហ្វីលីពីននឹងរងការខូចខាតធ្ងន់ធ្ងរបំផុត។
យោងតាមក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បានប៉ាន់ប្រមាណថា មនុស្សជាង ៣៣.៥ លាននាក់អាចនឹងរងផលប៉ះពាល់ដោយព្យុះត្រូពិក Trami ដែលជាព្យុះកាចសាហាវបំផុតមិនធ្លាប់មាន។ គួរបញ្ជាក់ដែរថា កាលពីខែមុនប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏ជួបប្រទះនឹងឥទ្ធិពលព្យុះត្រូពិច Bebinca ដែលបានបោកបក់បំផ្លាញតំបន់ជាច្រើនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងផងដែរ។ ក្រៅពីប្រទេសហ្វីលីពីន ប្រទេសមួយចំនួនទៀតដូចជាថៃ និងវៀតណាមក៏រងឥទ្ធិពលខ្យល់ព្យុះនេះផងដែរ៕










