យោងតាមទិន្នន័យរបស់ Time Doctor បង្ហាញថា ប្រាក់ខែជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ គឺស្មើប្រមាណ១២.៨៨៣ដុល្លារអាមេរិកក្នុង១ឆ្នាំ ។ បើទោះជានៅតំបន់នេះមានកម្រិតប្រាក់ខែខុសគ្នាក្នុងប្រទេសនីមួយៗក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងតំបន់មានឱកាសច្រើន និងមានជីវភាពសមរម្យ ។
Time Doctor បានចាត់ចំណាត់ថ្នាក់ឈ្មោះបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលពលរដ្ឋទទួលបានប្រាក់ខែខ្ពស់ ក្នុងនោះប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី២ ដែលពលរដ្ឋថៃទទួលបានប្រាក់ខែជាមធ្យម ចាប់ពី២ម៉ឺនបាត ទៅ២ម៉ឺន៥ពាន់បាត (សម្រាប់និស្សិតទើបបញ្ចប់ការសិក្សា) ។ បើតួនាទីការងារខ្ពស់ គឺពលរដ្ឋថៃនឹងទទួលបានប្រាក់ខែជាមធ្យម ចាប់ពី៥ម៉ឺនបាត ទៅ១០ម៉ឺនបាត ។
ខាងក្រោមនេះ គឺជាឈ្មោះបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ ៖
១-សិង្ហបុរី ៖ ជាប្រទេសមានសេដ្ឋកិច្ចរឹងមាំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ទើបធ្វើឱ្យប្រទេសនេះទាក់ទាញបុគ្គលិកធ្វើការមានបទពិសោធន៍មកពីជុំវិញពិភពលោក ។ ប្រាក់ខែជាមធ្យមនៅសិង្ហបុរីខ្ពស់ជាងប្រាក់ខែជាមធ្យមលើពិភពលោក គឺស្មើនឹង៦.៣៣២ដុល្លារអាមេរិកក្នុង១ខែ ។.png)
២-ថៃ ៖ ជាប្រទេសមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពលរដ្ឋថៃទទួលបានប្រាក់ខែជាមធ្យម ចាប់ពី២ម៉ឺនបាត ទៅ២ម៉ឺន៥ពាន់បាតក្នុង១ខែ (សម្រាប់តួនាទីចាប់ផ្តើមការងារ) ។ រីឯបុគ្គលិកមានជំនាញ និងបទពិសោធន៍ទទួលបានប្រាក់ខែចាប់ពី៥ម៉ឺនបាត ទៅ១០ម៉ឺនបាតក្នុង១ខែ ។
៣-ព្រុយណេ ៖ បើទោះប្រទេសនេះមានចំនួនពលរដ្ឋតិចក្តី ប៉ុន្តែព្រុយណេមានធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេស ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ កត្តាទាំងនេះជួយជំរុញព្រុយណេអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ គឺប្រាក់ខែជាមធ្យមស្មើនឹង៣.២៣០ដុល្លារព្រុយណេក្នុង១ខែ (ឬស្មើ២.៦៣៦ដុល្លារអាមេរិក) ។
៤-ម៉ាឡេស៊ី ៖ គឺជាប្រទេសមួយទៀតដែលផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ ដោយពលរដ្ឋម៉ាឡេស៊ីមានឱកាសធ្វើការជាច្រើនផ្នែកគួរឱ្យចាប់អារម្មណ៍ ។ ប្រាក់ខែជាមធ្យមនៅម៉ាឡេស៊ី គឺស្មើនឹង៦.៦១០រីងហ្គីតក្នុង១ខែ (ឬស្មើ១.៥៤៥ដុល្លារអាមេរិក) ។
៥-ហ្វីលីពីន ៖ មានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសគោលដៅពេញនិយមសម្រាប់ជនបរទេសមកធ្វើការ ដោយសារសម្បូរបុគ្គលិកមានជំនាញ និងមានការប្រកួតប្រជែងប្រាក់ឈ្នួល ។ ប្រាក់ខែជាមធ្យម គឺស្មើនឹង៤៤.៨០០ប៉េសូក្នុង១ខែ (ឬស្មើ៨៤៨ដុល្លារអាមេរិក) ។.png)
៦-ឥណ្ឌូណេស៊ី ៖ ជាប្រទេសធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានពលរដ្ឋច្រើន និងសម្បូរធនធានធម្មជាតិ ។ បើទោះប្រាក់ខែនៅឥណ្ឌូណេស៊ីតិចជាងសិង្ហបុរី និងព្រុយណេ ប៉ុន្តែសេដ្ឋកិច្ចឥណ្ឌូណេស៊ីបានរីកចម្រើនជាបន្តបន្ទាប់ ។ ប្រាក់ឈ្នួលអប្បបរមាជាមធ្យម គឺស្មើនឹង៥.០៧លានរូពៀក្នុង១ខែ (ឬស្មើ៣៤៨ដុល្លារអាមេរិក) ខណៈប្រាក់ខែជាមធ្យម ស្មើនឹង១២.២លានរូពៀក្នុង១ខែ (ឬស្មើ៨៤៨ដុល្លារអាមេរិក) ។
៧-វៀតណាម ៖ ជាប្រទេសទាក់ទាញវិនិយោគិនពីក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេស ផ្នែកផលិត និងបច្ចេកវិទ្យា ។ ក្រៅពីនេះ វៀតណាមល្បីល្បាញមានទេសភាពស្រស់ស្អាត, ប្រវត្តិសាស្ត្រយូរអង្វែង និងជាមជ្ឈមណ្ឌលអាជីវកម្ម និងការវិនិយោគ ។ ប្រាក់ឈ្នួលអប្បបរមា ស្មើនឹង៤.៩៦១ដុងក្នុង១ខែ និងប្រាក់ឈ្នួលជាមធ្យម ស្មើនឹង១៧.៣លានដុងក្នុង១ខែ (ឬស្មើ៧២៧ដុល្លារអាមេរិក) ។
៨-ឡាវ ៖ ជាប្រទេសផ្តល់ប្រាក់ខែឱ្យពលរដ្ឋទាបជាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ចឡាវមានស្ថិរភាព និងការវិនិយោគពីក្រៅប្រទេសកើនឡើង បានធ្វើឱ្យប្រាក់ចំណូលជាតិកើនឡើង ។ ប្រាក់ខែជាមធ្យម គឺចាប់ពី៩សែនគីប ទៅ១២សែនគីប (ឬស្មើពី៤៥ដុល្លារ ទៅ៦០ដុល្លារអាមេរិក) ។
៩-កម្ពុជា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការផលិត ។ បច្ចុប្បន្ន ប្រាក់ខែជាមធ្យមនៅកម្ពុជា គឺចាប់ពី១៥០ដុល្លារ ទៅ២០០ដុល្លារអាមេរិក ។
១០-មីយ៉ាន់ម៉ា ៖ ប្រាក់ឈ្នួលជាមធ្យមនៅមីយ៉ាន់ម៉ា គឺតិចជាងប្រទេសជាច្រើនក្នុងតំបន់ ដោយសារកត្តាសេដ្ឋកិច្ច និងសង្គម ។ ប្រាក់ខែជាមធ្យម គឺស្មើនឹង៣១១.០០០ចាតក្នុង១ខែ (ឬស្មើ១៦៣ដុល្លារអាមេរិក) ។
១១-ទីម័រខាងកើត ៖ ជាប្រទេសកំពុងអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចក្រោយពីទទួលបានឯករាជ្យពីឥណ្ឌូណេស៊ី កាលពីឆ្នាំ២០០២ ។ ប្រាក់ឈ្នួលអប្បបរមា ទៅប្រាក់ឈ្នួលមធ្យម គឺចាប់ពី១៥០ដុល្លារ ទៅ២៥០ដុល្លារអាមេរិកក្នុង១ខែ ៕










