សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកបានរៀបចំពិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween ដោយប្រគល់ប្រាក់រង្វាន់ទៅឱ្យអ្នកឈ្នះតាមទម្ងន់របស់ផ្លែល្ពៅ ។ ផ្លែល្ពៅនីមួយៗដែលកសិករអាមេរិកបានយកមកប្រកួត គឺសុទ្ធតែមានទម្ងន់ជាង១ពាន់គីឡូក្រាម ដោយសារពួកគេបានថែទាំយ៉ាងល្អ ។.png)
លោក Travis Gienger ជាកសិករមកពីទីក្រុង Anoka រដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានទទួលប្រាក់ចំនួន២២.២៣៩ដុល្លារអាមេរិក ពីកម្មវិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween លើកទី៥១ ។ ផ្លែល្ពៅរបស់លោកមានទំហំរហូតដល់៦ម៉ែត្រ និងទម្ងន់២.៤៧១ Pounds (ឬស្មើនឹង១.១២០គីឡូក្រាម) ។
លោក Travis Gienger និយាយថា នេះជាការទទួលពានរង្វាន់ផ្លែល្ពៅយក្ស លើកទី៤ របស់លោក ។ ការប្រកួតផ្លែល្ពៅមានទំហំធំជាងគេលើកនេះ គឺលោកទទួលបានទឹកប្រាក់ចំនួន៩ដុល្លារអាមេរិក សម្រាប់ផ្លែល្ពៅមានទម្ងន់ ១ Pounds ។ ការប្រកួតប្រជែងនេះមានអ្នកចូលរួមទស្សនាជាច្រើននាក់បានអបអរសាទរនឹងជ័យជម្នះរបស់លោក ដែលអាចដាំល្ពៅមានទំហំធំជាងគេ ។ .png)
អ្នកចូលរួមប្រកួតផ្លែល្ពៅយក្សផ្សេងទៀតឈ្មោះ រ៉េនឌុន រ៉ូសាន់ និយាយថា ការដាំផ្លែល្ពៅឱ្យមានទំហំធំៗ គឺត្រូវតែមានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត និងចំណាយធនធានច្រើន ។ ជាក់ស្តែង ការថែទាំដើមល្ពៅ១ដើម ឬថែទាំល្ពៅ១ផ្លែ គឺចំណាយផ្ទៃដីធំណាស់ ហើយត្រូវស្រោចទឹក២លើកក្នុង១ថ្ងៃ ។
អ្នកចូលរួមប្រកួតរូបនេះបន្តថា ការស្រោចទឹកល្ពៅច្រើនលើកបែបនេះ គឺជាការលំបាកសម្រាប់កសិករដាំល្ពៅនៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារអាជ្ញាធររដ្ឋនេះត្រូវការឱ្យពលរដ្ឋជួយសន្សំសំចៃទឹក ។ នៅខែតុលា ឆ្នាំ២០២៤ យើងនឹងបានឃើញផ្លែល្ពៅជាញឹកញាប់ ពីព្រោះជិតដល់ពិធីបុណ្យ Halloween ។
ដោយឡែក អ្នកចូលរួមទស្សនាការប្រកួតផ្លែល្ពៅម្នាក់និយាយថា ខ្លួនពុំធ្លាប់ឃើញផ្លែល្ពៅមានទំហំធំបែបនេះទេពីមុនមក ហើយស្ទើរតែពុំជឿថា មានល្ពៅយក្សជាច្រើនផ្លែបែបនេះ។
គួរបញ្ជាក់ថា ការប្រកួតនេះបានរៀបចំនៅទីក្រុង Half Moon Bay រដ្ឋកាលីហ្វ័រញ៉ា សម្រាប់ពិធីបុណ្យ Halloween នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ ផ្លែល្ពៅយក្សឈ្នះការប្រកួតមានឈ្មោះថា «Mammoth Minnesota» ជារបស់កសិករឈ្មោះ Travis Gienger ហើយវាក៏ជាការបំបែកកំណត់ត្រាពិភពលោក ផងដែរ ៕










