បន្ទាប់ពីបាត់ខ្លួនជាងមួយសតវត្សមក ថ្មីៗនេះអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញសត្វចម្លែកមួយក្បាលដែលមានឈ្មោះថា Voeltzkow នៅក្នុងឧទ្យានជាតិម៉ាដាហ្គាស្កា នៃប្រទេសម៉ាដាហ្គាស្កា ដែលនេះគឺជាលើកដំបូងហើយដែលសត្វដ៏កម្រមួយប្រភេទនេះបានលេចឡើងឱ្យមនុស្សយើងបានឃើញវាម្តងទៀត។
Voeltzkow បានបាត់ខ្លួន ១០០ ឆ្នាំហើយដោយអ្នកវិទ្យាសាស្ត្រគិតថា សត្វនេះទំនងជាផុតពូជបាត់ទៅហើយ។ វាគឺជាសត្វដ៏កម្របំផុតមួយនៅក្នុងពិភពធម្មជាតិ ដោយសារសត្វប្រភេទនេះពិបាកចាប់ណាស់ ព្រោះវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញងាយៗនោះទេ ហើយភាគច្រើនចេញតែក្នុងរដូវវស្សា បន្តពូជ និងលូតលាស់លឿនណាស់ ដូច្នេះអាយុរបស់វាក៏ខ្លីខ្លាំងណាស់ដែរ។.png)
ក្នុងចំណោមសត្វឆ្អឹងកងជើងបួនទាំងអស់ សត្វមួយប្រភេទនេះគឺមានអាយុកាលខ្លីបំផុតមិនធ្លាប់មាន ដែលអាយុវែងបំផុតរបស់ពួកវាគឺត្រឹមតែ ៣ ខែប៉ុណ្ណោះ។ តាមពិតទៅ អ្នកស្រាវជ្រាវបានចាប់ផ្តើមស្វែងរកវត្តមានរបស់សត្វ Voeltzkow នៅក្នុងព្រៃនៃប្រទេសម៉ាដាហ្គាស្ការក្នុងខែមីនា ឆ្នាំ ២០១៨ ឯណោះប៉ុន្តែមិនមានលទ្ធផលណាមួយគួរឱ្យកត់សម្គាល់នោះទេ រហូតមកដល់ពេលថ្មីៗនេះ ទើបអ្នកវិទ្យសាស្ត្របានរកឃើញពួកវា ដែលនេះគឺជាដំណឹងដ៏ល្អបំផុតមួយរបស់ពួកគេ។
ពួកគេបានរកឃើញសត្វ Voeltzkow ៩-១០ ក្បាលនៅក្នុងព្រៃជាមួយកាយសម្បទាដ៏រឹងមាំ និងមានសុខភាពល្អបំផុត។ ដោយសារតែសត្វនេះមានអាយុខ្លីជាងគេ និងមិនងាយបង្ហាញខ្លួនឱ្យមនុស្សឃើញ ថែមទាំងបាត់ខ្លួនជាង ១០០ ឆ្នាំរួមទាំងជម្រកធម្មជាតិក៏កំពុងបន្តធ្លាក់ចុះផងដែរនោះ អ្នកវិទ្យសាស្ត្រក៏បានគិតថាពួកវាបានផុតពូជបាត់ទៅហើយ។ ទោះជាយ៉ាងណានៅពេលដែលឃើញវត្តមានរបស់ពួកវានាពេលថ្មីៗនេះ អ្នកវិទ្យសាស្ត្រសន្មត់ថា ពួកវានៅតែមានជីវិត ហើយទំនងជាមិនងាយផុតពូជនោះទេ។
Voeltzkow មានភាពល្បីល្បាញដោយសារសមត្ថភាពក្លែងបន្លំដ៏ប៉ិនប្រសប់របស់វា ដោយសារស្បែករបស់វាអាចផ្លាស់ប្តូរពណ៌បានយ៉ាងឆាប់រហ័សទៅតាមបរិយាកាសធម្មជាតិដោយមានពណ៌បៃតងខ្ចី ខៀវ បៃតងចាស់ ស្វាយ ទឹកក្រូច ខ្មៅ និងស ដែលពណ៌ទាំងអស់នេះនឹងត្រូវបានលាយបញ្ចូលគ្នានៅក្នុងលំនាំតែមួយគត់នៅលើស្បែក ដោយហេតុនេះជួយឱ្យពួកវាងាយស្រួលក្នុងការបរបាញ់ និងជាពិសេសនោះគឺគេចចេញពីសត្រូវតែម្តង៕










