ប្រទេសអូស្ត្រាលី ៖ អាងចិញ្ចឹមសត្វក្រពើមួយកន្លែងនៅទីក្រុងដាវីន ប្រទេសអូស្ត្រាលី បានរៀបចំកម្មវិធីឈ្មោះ «Cage of Death» អនុញ្ញាតឱ្យភ្ញៀវទេសចរណាដែលចាប់អារម្មណ៍ចង់ឃើញក្រពើយក្សនៅជិតៗ ឬមិនខ្លាចគ្រោះថ្នា.ក់ អាចមកទិញសំបុត្រចូលរួមក្នុងកម្មវិធីនេះ ។ ក្រៅពីក្រពើ ភ្ញៀវទេសចរក៏អាចដើរមើលសត្វប្លែកៗជាច្រើនក្បាលទៀត ។.png)
ភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យចុះក្នុងអាងចិញ្ចឹមក្រពើយក្ស ដែលក្រពើនីមួយៗមានប្រវែងរហូតដល់៥ម៉ែត្រ ។ ភ្ញៀវទេសចរអាចជ្រើសរើសចូលក្នុងទ្រុងកញ្ចក់ពណ៌ថ្លា រួចហើយត្រូវបានទម្លាក់ចូលក្នុងអាងក្រពើតែម្នាក់ឯង ឬជាមួយមិត្តភក្តិក៏បាន ប៉ុន្តែមិនត្រូវលើសពី២នាក់ ។
បុគ្គលិកធ្វើការនៅអាងចិញ្ចឹមក្រពើ និយាយថា ភ្ញៀវទេសចរពុំចាំបាច់ភ័យខ្លាចទេ ពីព្រោះទ្រុងកញ្ចក់នេះរឹងមាំ និងមានសុវត្ថិភាព ។ ភ្ញៀវទេសចរនៅក្នុងទ្រុងកញ្ចក់នឹងត្រូវបានទម្លាក់ចូលក្នុងអាង ដែលមានក្រពើជាច្រើនក្បាលហារមាត់រង់ចាំស្វាគមន៍ និងហែលទឹកជុំវិញពួកគេ ។
បុគ្គលិកធ្វើការនៅអាងចិញ្ចឹមក្រពើ នឹងរង់ចាំផ្តល់អាហារឱ្យក្រពើស៊ីជាធម្មតាក្នុងអំឡុងពេលភ្ញៀវទេសចរចុះក្នុងអាង ដើម្បីឱ្យពួកគេមើលធ្មេញក្រពើ, ស្បែកក្រពើ និងវិធីទំពារចំណីរបស់វា តាមរយៈទ្រុងកញ្ចក់ថ្លា ហើយធានាថា ភ្ញៀវទេសចរនឹងរំភើបចិត្តយ៉ាងខ្លាំង ។ រីឯសំបុត្រចូលមើលក្រពើយក្ស គឺមានតម្លៃ១៧០ដុល្លារអាមេរិកក្នុងម្នាក់ ។ .png)
ដោយឡែក សួនសត្វមួយកន្លែងនៅប្រទេសអាហ្វ្រិកខាងត្បូង ក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរចុះក្នុងអាងមើលក្រពើដូចគ្នាដែរ ។ ប៉ុន្តែនៅសួនសត្វនេះគ្មានទ្រុងកញ្ចក់សម្រាប់ភ្ញៀវទេសចរទេ គឺភ្ញៀវទេសចរអាចចូលក្នុងទ្រុងដែកមានប្រហោង និងយកដៃស្ទាបក្បាលក្រពើថ្នមៗបាន ។
សួនសត្វនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយក្រៅពីសួនក្រពើ ប្រទេសអាហ្វ្រិកខាងត្បូងនៅមានសត្វព្រៃជាច្រើនក្បាលទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍ថ្មីប្លែក ។
ហេតុនេះ បើភ្ញៀវទេសចរណាចូលចិត្តប្រឈមនឹងគ្រោះថ្នាក់ អាចមកលេងអាងក្រពើនៅប្រទេសអូស្ត្រាលី និងអាហ្វ្រិកខាងត្បូងបាន ដើម្បីទទួលបានបទពិសោធន៍ប្លែកក្នុងជីវិត និងអាចនៅកៀកក្រពើបំផុត ៕










