តើលោកអ្នកធ្លាប់គិតដែរឬទេ នៅពេលដែលភពផែនដីរបស់យើងគ្មានព្រះច័ន្ទ តើពិភពលោកនឹងទៅជាយ៉ាងណា? ជាការពិតណាស់ព្រះច័ន្ទតែងតែបង្ហាញខ្លួនរៀងរាល់ពេលរាត្រី ដោយផ្តល់នូវពន្លឺភ្លឺចិញ្ចែងចិញ្ចាំងដល់ផែនដី ដែលពេលខ្លះព្រះច័ន្ទបានបង្ហាញខ្លួនក្នុងលក្ខណៈពេញវង់ ហើយខ្លះទៀតក៏បង្ហាញខ្លួនជាចំណិតៗដោយបញ្ចេញពន្លឺព្រៀកៗផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើគ្មានព្រះច័ន្ទនៅលើផែនដីទេនោះ ពិភពលោកយើងនឹងជួបរឿងចម្លែកៗដូចខាងក្រោម៖
១.រយៈពេលមួយថ្ងៃនៅលើផែនដីអាចមានត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះ៖ យោងតាម Inside Science បានឱ្យដឹងថា បើគ្មានព្រះច័ន្ទ ភពផែនដីរបស់យើងនឹងមានរយៈពេលត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗអាចមានលើសដល់ ១ ០០០ ថ្ងៃឯណោះ។ នេះក៏ព្រោះតែល្បឿនរង្វិលរបស់ផែនដីអាចថយចុះដោយសារតែកម្លាំងទំនាញរបស់ព្រះច័ន្ទ ដូច្នេះប្រសិនបើគ្មានព្រះច័ន្ទ មួយថ្ងៃដូចមួយប៉ប្រិចភ្នែកអ៊ីចឹង។
២.ពេលយប់នឹងមានភាពងងឹតខ្លាំងខុសធម្មតា៖ នេះមានន័យថា ប្រសិនផែនដីគ្មានព្រះច័ន្ទ ពិភពលោកនឹងងងឹតខ្លាំងដល់ថ្នាក់មើលអ្វីក៏មិនឃើញ។ ទោះជាយ៉ាងណានៅពេលយប់លោកអ្នកក៏អាចមើលឃើញពន្លឺផ្កាយ ឬភពផ្សេងៗទៀតបានយ៉ាងច្បាស់ ក្រៅពីភពព្រះច័ន្ទផងដែរ។ លើសពីនេះបើគ្មានព្រះច័ន្ទផែនដីរបស់យើងគឺអាចវិលលឿនជាងមុនរហូតដល់ ៣ ទៅ ៤ ដងឯណោះ។
៣.កម្រិតទឹកសមុទ្រថយចុះ៖ ជាការពិតណាស់ប្រសិនបើផែនដីគ្មានព្រះច័ន្ទជំនោរនៃមហាសមុទ្រនឹងកាត់បន្ថយយ៉ាងខ្លាំង ដែលរំខានដល់ជីវិតសត្វសមុទ្រ ជាពិសេសនៅតំបន់ intertidal ដែលជាកន្លែងដែលសារពាង្គកាយជាច្រើនពឹងផ្អែកលើទឹកសមុទ្រ និងលំហូរទឹកសម្រាប់ការរស់រានមានជីវិត។ 
៤.មិនមានសូរ្យគ្រាស ឬចន្ទគ្រាសនោះទេ៖ ពិតណាស់បើគ្មានព្រះច័ន្ទមនុស្សទាំងអស់នៅលើផែនដីក៏មិនអាចមើលឃើញសូរ្យគ្រាស ឬចន្ទគ្រាសបានទៀតឡើយ ព្រោះបើគ្មានព្រះច័ន្ទក៏មិនមានអ្វីមកបាំងព្រះអាទិត្យបានដែរ។
៥.ភាពត្រេតនៃអក្ស័ផែនដីអាចនឹងមិនថេរទៀតឡើង៖ នេះមានន័យថា បើគ្មានព្រះច័ន្ទ កម្រិតលំអៀងនៃអ័ក្សរបស់ភពផែនដីនឹងប្រែប្រួលជានិច្ច ដែលនាំឱ្យកើតមានអាកាសធាតុប្លែកៗ ដែលនាំឱ្យមិនមានរដូវ ក៏ដូចជាធ្វើឱ្យអាកាសធាតុនៅលើផែនដីមានរលកកម្តៅ និងរលកត្រជាក់ញឹកញាប់ រួមទាំងមានគ្រោះមហន្តរាយទៀតផង៕










