ក្រុមហ៊ុន មីស៊ូប៊ីស៊ី (Mitsubishi) របស់ជប៉ុន សម្តែងការចាប់អារម្មណ៍ចង់វិនិយោគលើផ្នែកផលិតនូវផលិតផលចេញពីប្រេងស្វាយចន្ធីនៅកម្ពុជា។
បើតាម លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានលើកឡើងថា៖” ស្វាយចន្ទីរបស់យើង មានសក្តានុពលខ្លាំង ហើយអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាក្រែមលាបមាត់ ជាស្បែកហ្វ្រាំងយានយន្ត ជាចំណីអាហារក៏បាន”។
លោកសង្កត់ធ្ងន់ទៀតថា៖” ភាគីខាងក្រុមហ៊ុនជប៉ុន មីស៊ុយប៊ីស៊ី (Mitsubishi) នៅចាំតែភាគីខាងកម្ពុជាយើងមានតំបន់ឧស្សាហកម្មកសិផលនៅមួយកន្លែង នោះគេនឹងដាក់រោងចក្រកែច្នៃធ្វើប្រេងចន្ទីតែម្តង”។

គួរបញ្ជាក់ផងដែរថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕










