លោក ទ្រី សក្កដា ហៅអាដា សក្កដា បានបង្ហាញអារម្មណ៍អន់ចិត្តរបស់ខ្លួននៅពេលដែលខ្សែភាពយន្តប្រកាសថារកចំណូលបានច្រើនជាងគេមិនមែនមានតែ១ ប៉ុន្តែរហូតដល់៣។ មិនត្រឹមតែរឿងនេះប៉ុណ្ណោះទេលោកក៏ខកចិត្តដែល ម៉ែសេះ មិនអាចក្លាយជាតួសម្តែងឆ្នើមទាំង ម៉ែសេះ អាចប្តូរ Mood បានយ៉ាងរហ័សដោយចាត់ទុកថាភេទទី៣តែងតែជាជម្រើសចុងក្រោយ។

នៅយប់ថ្ងៃទី១៣ ខែកក្កដា ទ្រី សក្កដា បានបង្ហោះរូបជាច្រើនសន្លឹកអំឡុងពេលចូលរួមកម្មវិធីរបស់រោងកុន លេជេន កាលពីថ្ងៃទី១១ ខែកក្កដា កន្លងមកថ្មីៗនេះ។ នៅក្នុងសំណេររបស់ ទ្រី សក្កដា បានបង្ហាញថា «ពីផលិតកម្ម Film corner ដំបូងខ្ញុំសុំថ្លែងអំណរគុណដល់មិត្ត១២ឆ្នាំ ប៉ីប៉ី ឌី និង អរគុណ Legend Cinema ដែលបានរៀបចំកម្មវិធីនេះឡើង » «ដំបូងយើងរំភើបដែលបានទទួលពានជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនបំផុត ពាក្យថាច្រើនបំផុតគឺមានតែមួយ តែទីបំផុតមានលេខមួយ ទីពីរលេខបីវិញ»។
អ្នកនិពន្ធចម្រៀងនិងជាអ្នកដឹកនាំរឿងរូបនេះបន្តទៀតថា « ត្រឹមម៉ែសេះមិនអាចក្លាយជាតួសម្តែងឆ្នើម ក្នុងមួយរឿងនាងអាចប្តូរmood យ៉ាងរហ័ស កំប្លង កំសត់ ឆ្នាស់ ភាពជឿជាក់ បត់បែនគ្រប់កាលៈទេស ក្នុងមួយរឿងភូមិគ្រឹះអាគម នាងគឺជាតារាស្រីដែល Lead សាច់រឿងហើយ រហូតធ្វើឱ្យរឿងក្លាយរឿងដែលបងប្អូនសម្រុកទៅមម៉ែសេះហើយក្លាយជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុត»។
ទ្រី សក្កដា ថា«ខ្ញុំពិតជាខកចិត្តនិងសូមផ្តល់កម្លាំងចិត្តដល់នាង នេះជាជីវិតភេទទីបី តែងតែជាជម្រើសចុងក្រោយ មួយទៀតគឺបងកៅ សីហា បើស្តាប់ទៅពិតជាអស់សំណើចដែលពួកខ្ញុំយកមនុស្សដែលបានស្លាប់ទៅហើយមកឈរឈ្មោះជាបេក្ខភាពអ្នកដឹងនាំរឿងឆ្នើម តើអ្នកដឹងទេគាត់គឺជារៀមច្បងដែលមានស្នាដៃដឹកនាំច្រើនបំផុត ហើយនិយាយត្រង់បើគ្មានគាត់រឿនេះក៏ពិបាកចេញជារូបរាងដែរ តែអ្វីដែលខ្ញុំស្រក់ទឹកភ្នែកពេលដឹងលទ្ធផល គឺបងសីហាត្រូវបានគេបំភ្លេចោល»។
.png)
ទ្រី សក្កដា បានបង្ហាញការសូមទោសទៅដល់វិញ្ញាណក្ខន្ធលោក កៅ សីហា ដែលមិនអាចសូម្បីតែពានរង្វាន់ឆ្នើមដើម្បីទុកជាអនុស្សារវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ។ លោកថា ទឹកភ្នែកដែលស្រក់ក្នុងកំឡុងពេលប្រកាសពានគឺជាអារម្មណ៍ដែលតូចចិត្តបំផុត។ តាមការបង្ហើបរបស់ ទ្រី សក្កដា ភាពយន្ត «ភូមិគ្រឹះអាគម» រកចំណូលបានជិត១លានដុល្លារ។
គួរឱ្យដឹងថាក្នុងការតែងតាំង «តួសម្តែងជំនាន់ថ្មីនារីឆ្នើម» មានដូចជា ជូរី ល្អហួស ,ម៉ារី យ៉ុង សុន ទេពបំណង និង ម៉ែសេះ ដោយការឈ្នះពានរង្វាន់នេះគឺបានទៅលើ « សុន ទេពបំណង» ដែលជាតួឯកស្រីក្នុងរឿង «សែនឆ្ងាយក្បែរអ្នក»៕










