ប្រទេសថៃ ៖ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យខេត្តមួយចំនួនរបស់ប្រទេសថៃលិចលង់ខ្លាំងដោយសារទឹកជំនន់ និងខូចខាតទ្រព្យសម្បត្តិពលរដ្ឋយ៉ាងច្រើន ហើយវាជាការលិចលង់ខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ លើសពីនេះ សាលាក្រុងបាងកកក៏បានប្រកាសអាសន្នឱ្យអាជ្ញាធរ និងពលរដ្ឋទាំងអស់ត្រៀមខ្លួនទប់ទល់ទឹកជំនន់នាពេលឆាប់ៗផងដែរ ។.png)
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សាលាក្រុងបាងកកប្រកាសថា កម្រិតទឹកទន្លេចៅព្រះយ៉ាបានកើនឡើងខ្ពស់ ព្រមទាំងឱ្យពលរដ្ឋប្រុងប្រយ័ត្នទប់ទល់ស្ថានការណ៍ទឹកជំនន់នឹងមកដល់នាពេលឆាប់ៗ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្រៅពីនេះ ពលរដ្ឋរស់នៅក្បែរទន្លេនេះត្រូវប្រញាប់ប្រមូលសម្ភារៈប្រើប្រាស់ដាក់នៅលើទីខ្ពស់, ត្រួតពិនិត្យឌុយដោតភ្លើងក្នុងលំនៅឋាន និងតាមដានស្ថានការណ៍ទឹកជំនន់យ៉ាងដិតដល់ ។
លោក Ekwaranyu Amrapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកលើកឡើងថា ភាគខាងជើង, ភាគកណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងមានអាកាសធាតុប្រែប្រួល គឺមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ហើយកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
លោក Ekwaranyu Amrapal បន្តទៀតថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួនទប់ទល់ស្ថានការណ៍ទឹកជំនន់ និងប្រកាសឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ាប្រញាប់ប្រមូលសម្ភារៈដាក់លើទីខ្ពស់ជាបន្ទាន់ ។ ក្រៅពីនេះ អាជ្ញាធរត្រូវរៀបចំបាវខ្សាច់, ស្ពានឈើ និងថ្នាំពេទ្យចាំបាច់ទុកចែកចាយឱ្យពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។
រីឯលោក Chatchart Sitthiphan អភិបាលក្រុងបាងកកនិយាយថា បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃមានទឹកជំនន់លិចលង់ខ្លាំង ជាពិសេស ខេត្តនៅភាគខាងជើង ដោយសារអាកាសធាតុប្រែប្រួល ។ ក្រៅពីនេះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមទប់ទល់ស្ថានការណ៍ទឹកជំនន់ និងជួយសង្គ្រោះពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ា ដោយសារកម្រិតទឹកទន្លេកើនឡើងយ៉ាងឆាប់រហ័ស ។
លោកអភិបាលក្រុងបន្តថា អាជ្ញាធរត្រូវត្រៀមកម្លាំង និងឧបករណ៍ផ្សេងៗសម្រាប់ជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយលោកអភិបាលក្រុងបាងកកបានបញ្ជាឱ្យសាលាខណ្ឌបញ្ជូនបាវខ្សាច់ទៅកាន់តំបន់គោលដៅនានា ។ ក្រៅពីនេះ បើពលរដ្ឋណាត្រូវការឧបករណ៍ ឬម៉ាស៊ីនបូមទឹក ឬមានបញ្ហាផ្សេងៗ សូមផ្តល់ដំណឹងមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ តាមរយៈលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង ៕










