តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សម្រាប់ការទស្សនាបាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) ដែលជាផ្កាយដ៏កម្របំផុតមួយនឹងហោះកាត់ផែនដីនៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
Tsuchinshan-Atlas (C/2023 A3) គឺជាផ្កាយដុះកន្ទុយដែលត្រូវបានគេរកឃើញកាលពីឆ្នាំមុន ហើយអ្នកវិទ្យសាស្ត្រសន្មត់ថាវាបានវិលជុំវិញព្រះអាទិត្យរៀងរាល់ ៨ ម៉ឺនឆ្នាំម្តង ដូច្នេះប្រសិនបើអ្នកខកខានមើលបាតុភូតដ៏អស្ចារ្យនេះ ៨ ម៉ឺនឆ្នាំខាងមុខទៀតទើបអ្នកអាចទស្សនាវាម្តងទៀតបាន។
យោងតាមគេហទំព័របរទេស Theguardian ផ្កាយដុះកន្ទុយអាចមើលដោយភ្នែកទទេរបាន ដែលនេះត្រូវបានគេចាត់ទុកថាជារឿងដ៏កម្រមួយ ខណៈបាតុភូតលើអាកាសផ្សេងៗសុទ្ធតែតម្រូវឱ្យពាក់វែនតាការពារភ្នែក ឬពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ដូច្នេះប្រទេសទាំងអស់នៅទូទាំងពិភពលោកគឺអាចទស្សនាមើលបាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) ដោយភ្នែកទទេរបានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។.png)
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីទស្សនាបាតុភូតដ៏កម្រ ៨ ម៉ឺនឆ្នាំមានម្តងនេះបាន លោកអ្នកត្រូវតែមើលទៅទិសខាងកើតនៅពេលព្រឹកព្រលឹម មុនពេលថ្ងៃរះ ឆ្ពោះទៅក្រុមតារានិករ Sextans។ ទោះជាយ៉ាងណាឱកាសល្អបំផុតគឺនៅថ្ងៃទី១៤ ខែតុលា ដោយសារផ្កាយនឹងហោះកាត់ផែនដីនៅពេលល្ងាចបន្ទាប់ពីថ្ងៃលិច ដោយលោកអ្នកត្រូវមើលទៅខាងលិចឆ្ពោះទៅក្រុមតារានិករ Boötes។
អ្នកវិទ្យាសាស្ត្រ Gregory Brown បាននិយាយថា ផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) គឺមានពន្លឺភ្លឺខ្លាំង និងមានទំហំធំល្មមដែលលោកអ្នកអាចមើលឃើញដោយភ្នែកទទេរបានយ៉ាងច្បាស់ ដូច្នេះកុំភ្លេចចូលរួមទស្សនាមើលផ្កាយដុះកន្ទុយទាំងអស់គ្នានៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕










