សហរដ្ឋអាមេរិក ៖ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមានការចែកចាយរូបភាពម្ចាស់ខួបកំណើតម្នាក់នៅអាមេរិកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល ដើម្បីឱ្យពិធីខួបកំណើតរបស់ខ្លួនកាន់តែមានបរិយាកាសសប្បាយរីករាយ ។ ប៉ុន្តែអ្នកមកចូលរួមខួបកំណើត ក៏ដូចជាអ្នកលេងបណ្តាញសង្គមឃើញហើយនិយាយថា វាជាឋានសួគ៌របស់អ្នក ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ។
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Jay Brewer រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបចំពិធីខួបកំណើតរបស់ខ្លួននាពេលថ្មីៗនេះ ។ ពិធីខួបកំណើតរបស់លោកល្បីល្បាញពេញបណ្តាញសង្គម ដោយសារលោកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល និងថតរូបភាពបង្ហោះ ។.png)
លោក Jay Brewer គឺជានាយកសួនសត្វ «California Reptile Park» ហើយលោកចូលចិត្តសត្វល្មូនណាស់ និងតែងតែបង្ហោះរូបភាពសត្វពស់ជាបន្តបន្ទាប់ក្នុងអ៊ីនធើរណេត ។ ចុងក្រោយនេះ លោកក៏បានបង្ហោះរូបភាពដេកលើពស់ថ្លាន់យក្សជាច្រើនក្បាលក្នុងពិធីខួបកំណើត និងសរសេរថា ៖ «នៅថ្ងៃកំណើត ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថា សូមអរគុណយ៉ាងខ្លាំងសម្រាប់ការស្រឡាញ់រាប់អានខ្ញុំ ។ ខ្ញុំចង់បង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ពិធីខួបកំណើតនេះពិសេសខ្លាំងប៉ុនណា ដោយសារខ្ញុំបានជប់លៀងឱ្យពស់ថ្លាន់» ។
លោកបន្តទៀតថា ៖ «មិត្តភក្តិជាច្រើននាក់បានមកចូលរួមពិធីខួបកំណើតរបស់ខ្ញុំ ហើយពួកយើងសប្បាយខ្លាំងណាស់ ។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានតាមដានការបង្ហោះរបស់ខ្ញុំក្នុងបណ្តាញសង្គមរហូតមក ។ ខ្ញុំពុំអាចធ្វើវាបានទេ បើគ្មានអ្នកគ្រប់គ្នាជួយគាំទ្រ ។ វាពិតជាអស្ចារ្យខ្លាំងណាស់ និងល្អជាងអ្វីដែលខ្ញុំបានគិតទៅទៀត» ។
តាំងពីលោកបង្ហោះរូបភាពដេកលើពស់ថ្លាន់ក្នុងបណ្តាញសង្គមឃើញថា មានចំនួនចុច Like រហូតដល់ជាង២ម៉ឺនលើក, ការបញ្ចេញមតិជាង៩០០មតិ និងការចែកចាយរូបភាព (Share) យ៉ាងច្រើន ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិខុសៗគ្នា ក្នុងនោះអ្នកខ្លះបានចូលរួមរីករាយជាមួយលោក ខណៈអ្នកខ្លះទៀតខ្លាចពស់ ។
អ្នកលេងបណ្តាញសង្គមភាគច្រើននិយាយថា ពួកគេមិនចង់ជឿថា មានពស់ច្រើនបែបនេះ វាជាពិធីជប់លៀងមួយពិសេសបំផុត ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតថា ពួកគេខ្លាចពស់ណាស់ ហើយនេះជាឋានសួគ៌របស់ម្ចាស់ខួបកំណើត ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ៕










