ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទ ដូចគ្នារបស់ប្រទេសថៃ នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ឬរយៈពេល ១២០ថ្ងៃទៀត) ។ នេះបើយោងតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃ ។
វាជាដំណឹងគួរឱ្យរីករាយមួយសម្រាប់ពលរដ្ឋថៃ ក្រោយពីព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា ឆ្នាំ២០២៤ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ ក្នុងរយៈពេល ១២០ថ្ងៃទៀត ។
ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា មានចំនួន ៦៩មាត្រា បញ្ជាក់ថា ពលរដ្ឋថៃដែលស្រឡាញ់ភេទដូចគ្នា នឹងអាចរស់នៅជាមួយគ្នាក្នុងឋានៈជាគូស្វាមី-ភរិយាស្របច្បាប់ និងពុំខុសគ្នាពីគូស្វាមី-ភរិយាជាបុរស និងស្ត្រីឡើយ ។ ក្រៅពីនេះ ពួកគេនឹងមានសិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារដូចគ្នាជាមួយគូស្វាមី-ភរិយាទូទៅដែរ ។
ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ត្រូវតែចូលរួមវាយតម្លៃលើកត្តាផ្សេងៗតាមច្បាប់កំណត់ ដូចជា ៖ សិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារ ដែលពាក់ព័ន្ធជាមួយគូស្វាមី-ភរិយាស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យពួកគេទទួលបានសិទ្ធិទាំងនេះដោយស្របច្បាប់ ។
បើបុគ្គលណាមានបំណងចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ថ្មី ពួកគេនឹងពុំអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានភ្លាមៗទេ ក្នុងអំឡុងពេលច្បាប់ទើបតែប្រកាស ។ ដូច្នេះ ពួកគេត្រូវតែរង់ចាំឱ្យផុតរយៈពេល១២០ថ្ងៃសិន ឬអាចចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ ។
ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា គឺពលរដ្ឋថៃមានសិទ្ធិរៀបពាពាហ៍ពិពាហ៍ជាមួយភេទដូចគ្នាជាគូស្វាមី-ភរិយាស្របច្បាប់ ព្រមទាំងគ្មានលក្ខខណ្ឌកំណត់ថា ពលរដ្ឋថៃត្រូវតែរៀបអាពាហ៍ពិពាហ៍ជាមួយភេទផ្ទុយគ្នាទេ ។ ក្រៅពីនេះ អ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបចំពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយជនជាតិថៃអាចចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដោយអនុវត្តតាមច្បាប់របស់ថៃ ។
.png)
អតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «វាជាការបោះជំហានដ៏សំខាន់របស់សង្គមថៃ ពីព្រោះច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា បានចូលជាធរមានហើយ ដើម្បីឱ្យពលរដ្ឋថៃមានសិទ្ធិស្មើភាព ហើយភាពចម្រុះផ្លូវភេទនឹងមានការទទួលស្គាល់យ៉ាងពេញលេញ» ។
រីឯលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ខ្ញុំសូមចូលរួមត្រេកអរចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ហើយក៏សូមអរគុណសម្រាប់ការជំរុញពីគ្រប់ផ្នែកផងដែរ ។ វាជាការតស៊ូរួមរបស់អ្នកគ្រប់គ្នា ដើម្បីឱ្យមានច្បាប់នេះនៅប្រទេសថៃ» ៕










