ប្រទេសថៃ ៖ មហាជនថៃខកចិត្តយ៉ាងខ្លាំងក្រោយពីសារព័ត៌មានជប៉ុនផ្សាយថា ប្រទេសថៃបានប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមរយៈ QR Code តិចតួច បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន ។
លើសពីនេះ សារព័ត៌មានជប៉ុនថែមទាំងសរសើរម៉ាឡេស៊ី និងកម្ពុជាថា គឺជាប្រទេសទូទាត់ប្រាក់តាម QR Code ច្រើនជាងគេ ដោយមហាជនថៃនិយាយថា ថៃគួរតែស្ថិតនៅលំដាប់ទី១ ក្នុងអាស៊ាន ដោយសារថៃធ្លាប់ជាប់ចំណាត់ថ្នាក់លើពិភពលោក ។.png)
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានជប៉ុនឈ្មោះ Nikkei Asia បានផ្សាយថា ម៉ាឡេស៊ី និងកម្ពុជា គឺជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានទូទាត់ប្រាក់តាម QR Code ច្រើនជាងគេ ។ សារព័ត៌មាននេះបញ្ជាក់ថា សេវាកម្មឆ្លងកាត់ព្រំដែន និងសេវាកម្មផ្នែកទេសចរណ៍បានធ្វើឱ្យការទូទាត់ប្រាក់ឌីជីថលក្នុងតំបន់នេះកើនឡើង ។
សារព័ត៌មាន Nikkei Asia បញ្ជាក់ទៀតថា ការទូទាត់ប្រាក់តាមរយៈ QR Code នៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២៣ កន្លងមក រួមមាន ៖ ម៉ាឡេស៊ី បានប្រើប្រាស់ QR Code ស្មើ ២ពាន់លានលើក, ឥណ្ឌូណេស៊ី ១.៦០០លានលើក, កម្ពុជា ៧០០លានលើក, សិង្ហបុរី ៤០០លានលើក និងវៀតណាម ២០០លានលើក ។ ប៉ុន្តែគ្មានឈ្មោះប្រទេសថៃទេ ។
សារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃសួរថា ហេតុអ្វីគ្មានឈ្មោះប្រទេសថៃបែបនេះ? ខណៈប្រទេសថៃក៏មានការទូទាត់ប្រាក់ឌីជីថលដែរ គឺតាមរយៈប្រព័ន្ធ PromptPay ។ វាធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចូលតវ៉ាក្នុងគេហទំព័ររបស់សារព័ត៌មាន Nikkei Asia យ៉ាងច្រើន ។
ជនជាតិថៃម្នាក់បានបញ្ជាក់ទៅសារព័ត៌មាន Nikkei Asia ថា ៖ «គ្រាន់តែខែសីហា ឆ្នាំ២០២៤ (ត្រឹមតែ១ខែ) ប្រទេសថៃបានប្រើប្រាស់ QR Code ខ្ពស់រហូតដល់ ២.១០៩លានលើកឯណោះ ឬស្មើទឹកប្រាក់ ៤.២០០លានបាត ។ ដូច្នេះ ការប្រើប្រាស់ QR Code របស់ថៃរយៈពេល១ខែ គឺខ្ពស់ជាងម៉ាឡេស៊ីរយៈពេល១ឆ្នាំ» ។ .png)
ជនជាតិថៃម្នាក់ទៀតថា ៖ «សារព័ត៌មានជប៉ុន Nikkei Asia ពុំដែលចុះផ្សាយពីចំណុចល្អរបស់ប្រទេសថៃទេតាំងពីយូរមកហើយ គឺចុះផ្សាយតែចំណុចអវិជ្ជមានប៉ុណ្ណោះ» ។
ពីដំបូង សារព័ត៌មាន Nikkei Asia បានផ្សាយថា ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី៥ នៃការប្រើប្រាស់ QR Code ក្នុងតំបន់អាស៊ាន ។ ប៉ុន្តែដោយសារថៃតវ៉ាច្រើនពេក ក្រោយមក សារព័ត៌មាននេះក៏បានលុបឈ្មោះប្រទេសថៃចេញពីចំណាត់ថ្នាក់ប្រទេសប្រើប្រាស់ QR Code ។
រីឯហ្វេសប៊ុកផេកហិរញ្ញវត្ថុថៃបញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់ QR Code ច្រើនជាងគេក្នុងតំបន់អាស៊ាន ហើយថៃក៏ស្ថិតក្នុងចំណាត់ថ្នាក់៤ លើពិភពលោកផងដែរ ដែលពលរដ្ឋពុំទូទាត់ជាប្រាក់សុទ្ធ កាលពីឆ្នាំ២០២៣ រួមមាន ៖ ឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី១, ចិន ទី២, កូរ៉េខាងត្បូង ទី៣, ថៃ ទី៤, អង់គ្លេស ទី៥, នីហ្សេរីយ៉ា ទី៦, ជប៉ុន ទី៧ និងប្រេស៊ីល ទី៨ ៕










