ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសថៃបានរងឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត និងបណ្តាលឱ្យថៃមានទឹកជំនន់ខ្លាំងក្លាស្ទើរគ្រប់បណ្តាខេត្ត-ក្រុង ។ ប៉ុន្តែពលរដ្ឋថៃពុំទាន់រួចផុតពីទុក្ខលំបាកដោយសារគ្រោះធម្មជាតិទេ ពីព្រោះភ្នាក់ងារឧតុនិយមប្រកាសថា ថៃនឹងទទួលរងឥទ្ធិពលខ្យល់ព្យុះថ្មីជាបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យមានភ្លៀងខ្លាំងក្នុងខេត្តចំនួន៦០ ។
ហេតុនេះ ពលរដ្ឋថៃរស់នៅតាមបណ្តាខេត្តនានា ក៏ដូចជាទីក្រុងបាងកក បាននាំគ្នាប្រមូលទុកដាក់សម្ភារៈតូច-ធំ និងឯកសារសំខាន់ៗក្នុងគ្រួសារនៅទីខ្ពស់ផុតពីទឹកជំនន់ ។ រីឯនៅខេត្តស៊ីសាកេត ពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាមើលដុំពពកខ្មៅចម្លែកពាសពេញមេឃ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនិយាយថា វាគួរឱ្យខ្លាចខ្លាំងណាស់ ហើយពួកគេសន្និដ្ឋានថា នឹងមានខ្យល់ព្យុះបោកបក់មកលើខេត្តស៊ីសាកេត នាពេលឆាប់ៗមិនខាន ។
កាលពីថ្ងៃទី២០ ខែកញ្ញា សមាគមគ្រប់គ្រងគ្រោះមហន្តរាយប្រទេសថៃ បានបង្ហោះរូបភាពដុំពពកខ្មៅលើមេឃ និងសរសេរថា ៖ «ដុំពពកខ្មៅលើមេឃស្ថិតនៅភូមិដួន ឃុំដួន ស្រុករ៉ាស៊ីសាឡៃ ខេត្តស៊ីសាកេត គឺជាសញ្ញាបញ្ជាក់ថា នឹងមានខ្យល់ព្យុះ និងភ្លៀងធ្លាក់» ។
សារព័ត៌មានថៃរាយការណ៍ថា ដុំពពកខ្មៅនៅលើមេឃនេះ គឺជាសញ្ញាខ្យល់ព្យុះ ផ្គររន្ទះ ដែលវាជាពពកនៅស្រទាប់ក្រោមប្រមូលផ្តុំគ្នាបង្កើតជារន្ទះបាញ់ ។ ហេតុនេះ នឹងមានរន្ទះបាញ់ញឹកញាប់ឆ្ងាយពីចំណុចពពកខ្មៅជាច្រើនគីឡូម៉ែត្រ ។
ចំណែកលោក Bancha Thanaboonsombat នាយកផ្នែកការផ្សព្វផ្សាយបច្ចេកវិទ្យានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាលោហៈ បានដាក់ឈ្មោះដុំពពកខ្មៅថា «ជាពពកបាំង» ហើយលោកបញ្ជាក់ថា ពពកខាងលើអាចបញ្ជាក់ពីទិសដៅភ្លៀងធ្លាក់ និងផ្គររន្ទះ ។ ដុំពពកខ្មៅបង្ហាញលើមេឃខេត្តស៊ីសាកេត បានធ្វើឱ្យអ្នកឃើញភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះវាជាសញ្ញាបង្ហាញថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនាពេលឆាប់ៗនេះ ។
គួរបញ្ជាក់ថា ឥទ្ធិពលខ្យល់ព្យុះ Yagi បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋថៃអស់យ៉ាងច្រើន ជាពិសេស អ្នករស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ។ បើទោះពេលនេះ ទឹកបានស្រកហើយក្តី ប៉ុន្តែពួកគេជួបការពិបាកក្នុងការសម្អាតផ្ទះ ដោយសារមានគំនរភក់ខ្ពស់ៗជិតដល់ពិដាន ។
បើទោះជាអាជ្ញាធរបានជួយសម្អាតផ្ទះពលរដ្ឋក្តី ប៉ុន្តែពលរដ្ឋនៅតំបន់ខ្លះទៀតក្នុងស្រុកមេសាយ បានចំណាយប្រាក់ខ្លួនឯងដើម្បីជួលកម្មករមកកាប់ដីចេញពីក្នុងផ្ទះ គឺកម្មករម្នាក់យកថ្លៃពី៥០០បាត ទៅ៦០០បាតក្នុង១ថ្ងៃ ពីព្រោះអាជ្ញាធរធ្វើការយឺតយ៉ាវ ៕










