ប្រទេសថៃ ៖ ក្រោយពេលពលរដ្ឋរស់នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរងគ្រោះដោយសារទឹកជំនន់ជន់លិចផ្ទះរួចមក ពេលនេះ ពួកគេកំពុងតែប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃគ្រប់មុខក្រោយទឹកជំនន់ស្រក ។ សូម្បីតែអំបោសធាងដូង ក៏ឡើងថ្លៃដែរ គឺអំបោស១ មានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត (ឬស្មើពី១ម៉ឺន៨ពាន់រៀល ទៅ២ម៉ឺនរៀល) ខណៈការចែកអង្កររបស់អាជ្ញាធរពុំបានដល់ដៃពលរដ្ឋគ្រប់រូបទេ ។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពេលទឹកជំនន់នៅខេត្តឈៀងរ៉ៃ ស្រកចុះចូលសភាពធម្មតាវិញ ពលរដ្ឋបានសហការជាមួយអាជ្ញាធរជួយគ្នាសម្អាតភូមិស្រុក និងផ្លូវយ៉ាងញាប់ដៃ ញាប់ជើង ។ ត្រាក់ទ័រចូកដីតូច-ធំ ព្រមទាំងមន្ត្រីរាជការ និងក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានជួយគ្នាកាយដីចេញពីផ្លូវ និងសម្អាតភូមិចំនួន៣ ដែលទឹកជំនន់លិចខ្លាំង រួមមាន ៖ ភូមិកោះសាយ ភូមិម៉ៃលុងខន និងភូមិមឿងឌែង ស្ថិតនៅស្រុកមេសាយ ។

ប៉ុន្តែពលរដ្ឋប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយទំនិញផ្សេងៗបានឡើងថ្លៃទាំងអស់ ។ រីឯម្ហូប១ចាន បានឡើងថ្លៃចាប់ពី៨០បាត ទៅ១០០បាត, អំ
បោសធាងដូង បានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត ខណៈកាលពីមុន វាមានតម្លៃត្រឹមតែ៤៥បាតប៉ុណ្ណោះ ។ ក្រៅពីនេះ ឧបករណ៍សម្រាប់សម្អាតគំនរភក់ក្នុងផ្ទះ ដូចជា ៖ ចបកាប់ ក៏ឡើងថ្លៃដែរ ហើយនៅតំបន់ខ្លះ គ្មានឧបករណ៍សម្អាតផ្ទះលក់ទេ ។
ពលរដ្ឋនៅតំបន់មួយចំនួនខ្វះខាតប្រាក់សម្រាប់ទិញអាហារបរិភោគ ហើយពួកគេពុំអាចទៅយកស្បៀងដែលអាជ្ញាធរចែកឱ្យទេ ដោយសារនៅតាមផ្លូវសុទ្ធតែដីភក់ ។ ពលរដ្ឋនិយាយថា អ្នកដែលទៅទទួលយកស្បៀងពីអាជ្ញាធរ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា ហើយទម្រាំដល់វេនពលរដ្ឋថៃ គឺអស់ស្បៀងហើយ ។
.png)
ដោយឡែក បន្លែគ្រប់មុខដែលលក់នៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា ខេត្តឈុនបុរី ក៏បានឡើងថ្លៃខ្ពស់ដូចគ្នាដែរ ក្រោយពេលទឹកជំនន់ស្រក ។ ហេតុនេះ អាជីវករបានទិញបន្លែពីប្រទេសជិតខាងមកលក់ជំនួស ដោយសារនៅប្រទេសថៃខ្វះខាតបន្លែ ។
លោក ឡិក អាយុ៦០ឆ្នាំ ជាអាជីវករលក់បន្លែនៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា និយាយថា ទឹកជំនន់បានលិចខេត្តជាច្រើនរបស់ថៃ ទើបធ្វើឱ្យកសិករពុំអាចដាំដុះបន្លែបាន ។ ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំកសិករអស់យ៉ាងច្រើន ទើបលោកធ្វើដំណើរទៅឆ្ងាយដើម្បីទិញបន្លែពីប្រទេសជិតខាងមកលក់ ។ .png)
លោកបន្តថា មូលហេតុដែលអាជីវករដំឡើងថ្លៃបន្លែ ដោយសារពួកគេត្រូវចំណាយដើមទុនច្រើនជាងមុនលើថ្លៃដឹកជញ្ជូនបន្លែពីប្រទេសជិតខាង ។ បន្លែនៅថៃនឹងឡើងថ្លៃខ្ពស់មួយរយៈទៀត រហូតដល់ស្ថានការណ៍ទឹកជំនន់នៅចម្ការបន្លែធូរស្រាល ទើបវាមានតម្លៃធម្មតាវិញ ៕










