បរទេស៖ ប្រទេសប្រេស៊ីលគ្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតលើពិភពលោកជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ ដែលមានទីតាំងនៅរដ្ឋ Santa Catarina មានឈ្មោះថា Senna Tower។
Senna Tower គឺជាអគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេក្នុងប្រទេសប្រេស៊ីល និងខ្ពស់ជាងគេទីពីរនៅលើពិភពលោក បន្ទាប់អាគារ Burj Khalifa របស់ឌូបៃ។
នេះបើយោងតាមការចុះផ្សាយពីគេហទំព័របរទេស Dezeen កាលពីថ្ងៃទី១៧ ខែកញ្ញា បានឱ្យដឹងថា អគារលំនៅដ្ឋាន Senna Tower នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Balneário Camboriú នៃរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដែលជាតំបន់ល្បីល្បាញដោយសារអគារខ្ពស់ៗនៅតាមឆ្នេរសមុទ្រ។ ការរចនាអគារនេះនឹងមានរាងស្ដើង គ្របដោយកញ្ចក់ថ្លា បង្កើតជាស៊េរីនៃផ្ទៃរាបស្មើអមដោយអាងហែលទឹក និងដើមឈើបៃតង។
ជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ អគារ Senna Tower នឹងរួមបញ្ចូលលំនៅឋានចំនួន ២២៨ យូនីត ដែលក្នុងនោះមានវីឡាចំនួន ១៨ ផ្ទះល្វែងចំនួន ២០៤ ផ្ទះប្រណិតកូនកាត់ចំនួន ៤ និង Penthouse ចំនួន ២ ដែលមានកម្ពស់ ៣ ជាន់ជាមួយទំហំ ៩០៣ ម៉ែត្រការ៉េ។ គ្រឿងបរិក្ខារនឹងត្រូវបានចែកចាយនៅទូទាំងប្រាំមួយជាន់នៃអគារ ហើយដំបូលទំហំ ៦,០០០ ម៉ែត្រការ៉េនឹងរួមបញ្ចូលកន្លែងកម្សាន្តផងដែរ។ លើសពីនេះនៅលើកំពូលប៉ម នឹងមានពន្លឺជុំវិញភ្លឺឡើងបង្កើតបានជាភ្លើងរាត្រីដ៏អស្ចារ្យបំផុត។
យោងតាមអ្នកអភិវឌ្ឍន៍ គម្រោងនេះនឹងស្នើសុំវិញ្ញាបនប័ត្រ LEED Platinum ដែលធ្វើឱ្យវាក្លាយជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេដែលសម្រេចបាននូវវិញ្ញាបនប័ត្រអគារបៃតង។ លើសពីនេះ វាក៏ជាអគារដំបូងគេនៅអាមេរិកឡាទីនផងដែរ ដែលប្រើប្រាស់ (TMDs) ដើម្បីជួយកាត់បន្ថយការរំញ័រនៅក្នុងអគារខ្ពស់ និងស្តើង ដោយគម្រោងនេះនឹងចាប់ផ្តើមសាងសងជាផ្លូវការនៅឆមាសទីពីរនៃឆ្នាំ ២០២៥ ខាងមុន៕










