ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងចំណាយប្រាក់ជាង៣ពាន់លានបាត (ឬស្មើជិត៩ម៉ឺនដុល្លារអាមេរិក) សម្រាប់បង់ថ្លៃទឹក-ភ្លើង នៅខែកញ្ញា ឆ្នាំ២០២៤ ជំនួសពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។.png)
នៅថ្ងៃទី១៦ ខែកញ្ញា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ទឹកជំនន់ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងឱ្យទាន់ពេលវេលា ។ មជ្ឈមណ្ឌលនេះនឹងដោះស្រាយរាល់បញ្ហាគ្រោះធម្មជាតិទាំងអស់ ឬស្វែងរកប្រាក់ឧបត្ថម្ភ និងសម្រេចចិត្តយ៉ាងឆាប់រហ័ស ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃក៏បានជជែកពិភាក្សាជាមួយក្រសួងមហាផ្ទៃផងដែរ អំពីការចំណាយប្រាក់បង់ថ្លៃទឹក-ភ្លើងនៅខែកញ្ញា សម្រាប់ពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ហេតុនេះ ពលរដ្ឋពុំចាំបាច់បង់ថ្លៃទឹក-ភ្លើងនៅខែកញ្ញាទេ ហើយនៅខែតុលា នឹងមានបញ្ចុះតម្លៃទឹក-ភ្លើង ៣០% ដោយសារពលរដ្ឋត្រូវប្រើប្រាស់ទឹកយ៉ាងច្រើនសម្រាប់លាងសម្អាតផ្ទះពីគំនរភក់ ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បន្តថា វិធានការនេះនឹងជួយសម្រួលដល់ពលរដ្ឋរស់នៅតំបន់ទឹកជំនន់ ដោយសារពួកគេជួបការលំបាកខ្លាំង និងខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។ បើស្ថានការណ៍ទឹកជំនន់នៅតែអូសបន្លាយយូរជាងនេះ រដ្ឋាភិបាលនឹងមានវិធានការជួយពលរដ្ឋបន្ថែមទៀត និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។
ចំណែកការជួសជុល និងសម្អាតលំនៅឋានរបស់ពលរដ្ឋក្រោយទឹកជំនន់ គឺរដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហានទៅជួយជួសជុលលំនៅឋានពលរដ្ឋ ។ ប៉ុន្តែមានបញ្ហាមួយចំនួន ដោយសារកម្លាំងទាហានពុំគ្រប់គ្រាន់ ទើបស្នើឱ្យស្ថាប័នអប់រំក្នុងតំបន់ក្បែរៗបញ្ជូនកម្លាំងមកជួយជួសជុលលំនៅឋានពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ។ រីឯលំនៅឋានណាខូចខាតរហូតដល់៧០% គឺពលរដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចំនួន២សែន៣ម៉ឺនបាត សម្រាប់ផ្ទះ១ខ្នង ។
លោកស្រីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការបរទេសថៃបានពិភាក្សាអំពីបញ្ហាគ្រោះធម្មជាតិជាមួយប្រទេសផ្សេងៗដើម្បីរកដំណោះស្រាយរួមគ្នា ដោយសារប្រទេសថៃបានរងគ្រោះដោយទឹកជំនន់យូរមកហើយ ៕










