ថ្មីៗនេះ មានការបង្ហោះចែកចាយជាច្រើនទាក់ទងទៅនឹងគ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជា ដោយសារងនូវឥទ្ធិពលខ្យល់ព្យុះ ទើបបណ្តាលឲ្យខេត្តមួយចំនួនជន់លិចទឹកជាបន្តបន្ទាប់ ក្នុងនោះរួមខេត្តក្រចេះ ព្រះសីហនុ និងរតនគិរីជាដើម។
នាថ្ងៃទី ១៨ ខែកញ្ញានេះ ប្រភពច្បាស់ការណ៍ជាច្រើនបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លិចខ្លាំងក្នុងខេត្តព្រះសីហនុ ជាពិសេសគឺនៅក្នុងឃុំទំនប់រលកនៃស្រុកស្ទឹងហាវ, ឃុំអណ្តូងថ្មនៃស្រុកព្រៃនប់, និងសូម្បីតែផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម។ បន្ថែមពីនេះ នៅឯរមនីយដ្ឋានក្បាលឆាយ ស្ថិតក្នុងភូមិ ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ក៏មានទឹកជំនន់ជន់លិចយ៉ាងខ្លាំងផងដែរ។ តែយ៉ាងណាគិតមកទល់ពេលនេះទឹកគឺបានស្រកចុះបន្តិចហើយ។
ចំណែកនៅឯខេត្តរតនគិរីវិញ ត្រង់តំបន់ទំនាបនិងតាមដងទន្លេស្រែពក គិតត្រឹមម៉ោង ៨ នាថ្ងៃទី១៨ ខែកញ្ញានេះ បានឲ្យដឹងថា កម្ពស់ទឹកបានឡើងរហូតដល់ចំណុច ៩ ម៉ែត្រហើយ ខណៈដែលកម្ពស់ទឹកកម្រិតប្រកាសអាសន្នមានកម្ពស់ ១២,៥ ម៉ែត្រ។ ដូច្នេះហើយអាជ្ញាធរក៏បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនជានិច្ច។
នៅឯខេត្តក្រចេះ កាលថ្ងៃទី១៧ ខែកញ្ញា ជំនន់ទឹកភ្លៀង បានបង្កឲ្យជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា។ ស្របពេលកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ កញ្ញា មានកម្ពស់ ១៩,៨៤ម៉ែត្រ (កើនឡើងកន្លះម៉ែត្រ ឬ ០,៥០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន គឺ ២២,០០ម៉ែត្រ ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្យុះទី១៤ ដែលមានឈ្មោះ ពូលឡាសាន នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាទាំងមូល ដែលនាំមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕










