ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការវិនិយោគរបស់ក្រុមហ៊ុនបរទេសក្នុងផ្នែកបច្ចេកវិទ្យា, យានយន្ត និងកសិកម្ម បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២២ កើនឡើងរហូតដល់៨,០២% ។ គេចាត់ទុកថា នេះជាការកើនឡើងខ្លាំងបំផុត បើគិតចាប់ពីឆ្នាំ១៩៩៧ ។
វាបានក្លាយជាកត្តាសំខាន់ជួយទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកវិនិយោគនៅវៀតណាម ដោយក្រុមហ៊ុនបរទេសសង្ឃឹមថា នឹងប្រមូលចំណូលនៅវៀតណាមឱ្យបានច្រើន ។ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងនេះដែរ ដោយ Starbucks បានមកវិនិយោគអាជីវកម្មកាហ្វេនៅវៀតណាមអស់ជាង១០ឆ្នាំហើយ ដោយសារឃើញជនជាតិវៀតណាមចូលចិត្តផឹកកាហ្វេ ។
ប៉ុន្តែក្រុមហ៊ុន Starbucks ពុំអាចប្រកួតប្រជែងឈ្នះកាហ្វេវៀតណាម ឬទាក់ទាញចំណាប់អារម្មណ៍ជនជាតិវៀតណាមទេ ហើយចំណូលក្រុមហ៊ុនពុំស្មើគោលដៅដូចការរំពឹងទុក ។ Starbucks បានបើកអាជីវកម្មកាហ្វេនៅវៀតណាមអស់១០ឆ្នាំ ប៉ុន្តែមានសាខាមិនដល់១០០កន្លែង តើវាបណ្តាលមកពីមូលហេតុអ្វី?

តាមទិន្នន័យរបស់ Nikkei Asia បង្ហាញថា ប្រទេសវៀតណាមមានហាងកាហ្វេរហូតដល់១៩.០០០កន្លែង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ លើពិភពលោក បន្ទាប់ពីអាមេរិក, ចិន និងកូរ៉េខាងត្បូង ។ កាហ្វេក្នុងស្រុកនៅតែគ្រប់គ្រងទីផ្សារ និងលក់ដាច់ជាងកាហ្វេបរទេស ព្រមទាំងពង្រីកសាខាកាន់តែច្រើន ។
ម្ចាស់ហាងកាហ្វេវៀតណាមនិយាយថា វៀតណាមមានទម្លាប់បរិភោគអាហារក្នុងភោជនីយដ្ឋានរួចហើយ ពួកគេទៅជជែកគ្នាបន្តនៅហាងកាហ្វេ ។ អ្នកខ្លះចូលចិត្តអង្គុយផឹកកាហ្វេតាមផ្លូវបណ្តើរ និងមើលការរកស៊ីលក់ដូរបណ្តើរ ខណៈហាងកាហ្វេមានទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ដែលវាជាចំណុចខ្លាំងមួយ ហើយជនបរទេសពុំយល់ទេ ។
នេះជាមូលហេតុដែលអាជីវកម្មរបស់ Starbucks មិនរីកចម្រើននៅវៀតណាម ៖
១-វៀតណាមមិនចូលចិត្តរសជាតិកាហ្វេ Starbucks ៖ អ្នកនាង Trang Do សិល្បករមកពីទីក្រុងដាណាង និយាយថា បើទោះនាងផឹកកាហ្វេ ៣កែវក្នុង១ថ្ងៃ ប៉ុន្តែនាងពុំធ្លាប់ផឹកកាហ្វេ Starbucks ទេ ដោយសារគ្មានរសជាតិច្រើន ។ កាហ្វេ Starbucks មានរសជាតិសាបខ្លាំង មិនដូចកាហ្វេវៀតណាមទេ ។ នាងថា ៖ «កាហ្វេវៀតណាមខាប់ជាង ឈ្ងុយជាង ហើយការឆុងកាហ្វេវៀតណាម ក៏ល្អជាងដែរ» ។
២-កាហ្វេ Starbucks មានតម្លៃថ្លៃ ៖ កាហ្វេ Starbucks មានតម្លៃថ្លៃជាងការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិវៀតណាម ទើបពួកគេស្ទាក់ស្ទើរទិញកាហ្វេ Starbucks ផឹក បើទោះមានរសជាតិថ្មីប្លែកក្តី ។ កាហ្វេ Starbucks មានតម្លៃប្រមាណ ៣.៨ដុល្លារអាមេរិក បានក្លាយជាឧបសគ្គដ៏ធំសម្រាប់អតិថិជនវៀតណាម ដែលមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ៣៤៥ដុល្លារអាមេរិកក្នុ១ខែ ។
៣-វៀតណាមចូលចិត្តកាហ្វេ Robusta ជាង Arabica ៖ វៀតណាមចូលចិត្តកាហ្វេ Robusta ដោយសារវាខាប់ជាង និងមានជាតិកាហ្វេអ៊ីនច្រើនជាង ។ Starbucks បានប្រើប្រាស់កាហ្វេ Arabica ១០០% ព្រោះគិតថា វាមានរសជាតិឆ្ងាញ់ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ជនជាតិវៀតណាមម្នាក់បានផឹកកាហ្វេ២គីឡូក្រាមក្នុង១ឆ្នាំ ហើយជាកាហ្វេ Robusta ។.png)
វៀតណាមមិននិយមកាហ្វេ Starbucks ហើយពួកគេចូលចិត្តផឹកកាហ្វេក្នុងស្រុកជាងកាហ្វេបរទេស ។ ជាក់ស្តែង កាហ្វេដាក់ស៊ុត ដែលមានដើមកំណើតនៅទីក្រុងហាណូយ តាំងពីឆ្នាំ១៩៤០ អំឡុងពេលវៀតណាមមានសង្គ្រាម និងខ្វះខាតទឹកដោះគោ ទើបវៀតណាមយកស៊ុតដាក់កាហ្វេជំនួសទឹកដោះគោ ។ កាហ្វេស៊ុតទទួលបានការគាំទ្រខ្លាំង ដែល Starbucks ពុំអាចយកឈ្នះ ។
បច្ចុប្បន្ន ហាងកាហ្វេវៀតណាមព្យាយាមបង្កើតរសជាតិកាហ្វេថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញអតិថិជន ដោយយកយៅអ៊ួ និងផ្លែឈើផ្សេងៗដាក់ក្នុងកាហ្វេ ។ កាហ្វេពេញនិយមបំផុត គឺកាហ្វេដូង ដែលផ្សំពីគ្រីមដូង, ទឹកដោះគោ និងទឹកកក ។
៤-វៀតណាមផលិតកាហ្វេច្រើនលើពិភពលោក ៖ វៀតណាមជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រេស៊ីល ។ កាហ្វេ៩៧% ដែលផលិតនៅវៀតណាម ជាកាហ្វេ Robusta និង ៣% ជាកាហ្វេ Arabica ។ ហេតុនេះ ហាងកាហ្វេក្នុងស្រុកពុំចាំបាច់នាំចូលកាហ្វេពីក្រៅប្រទេសមកលក់ទេ ដោយសារកាហ្វេ Robusta នៅវៀតណាមមានតម្លៃថោក ហើយពួកគេអាចលក់ក្នុងតម្លៃសមរម្យ ៕










