ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Yonhap រាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងបានដោះកាមេរ៉ាសុវត្ថិភាពប្រមាណ១.៣០០គ្រឿងចេញពីមូលដ្ឋានទ័ព ក្រោយពីរកឃើញថា កាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅចិន ។ កូរ៉េខាងត្បូងបារម្ភថា វានឹងប៉ះពាល់ដល់សន្តិសុខជាតិ ដោយសារកាមេរ៉ាទាំងនេះបានភ្ជាប់ប្រព័ន្ធ Server រាយការណ៍ទៅចិន ។ 
យោងតាមប្រភពពុំបញ្ចេញឈ្មោះឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយបានទិញកាមេរ៉ាសុវត្ថិភាពទាំងនេះមកលក់ឱ្យកងទ័ពកូរ៉េខាងត្បូង ប៉ុន្តែកងទ័ពទើបតែជ្រាបពីប្រភពរបស់វាថា ផលិតនៅប្រទេសចិន ក្នុងអំឡុងពេលពួកគេត្រួតពិនិត្យឧបករណ៍កងទ័ព កាលពីដើមឆ្នាំ២០២៤ ។.png)
កាមេរ៉ាសុវត្ថិភាពទាំងអស់ពុំទាន់បានប្រើប្រាស់ក្នុងការងារសន្តិសុខជាតិនៅឡើយទេ ដូចជា ៖ ប្រើប្រាស់នៅតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ដែលជាតំបន់រឹតបន្តឹងយ៉ាងខ្លាំង ។ ប៉ុន្តែតំបន់នេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់យោធា និងដំឡើងកាមេរ៉ាសុវត្ថិភាពលើរបងជុំវិញមូលដ្ឋានទ័ព ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា ក្រសួងបានដកហូតកាមេរ៉ាសុវត្ថិភាពផលិតនៅក្រៅប្រទេស ដើម្បីប្តូរមកប្រើប្រាស់កាមេរ៉ាសុវត្ថិភាពផលិតនៅកូរ៉េខាងត្បូងវិញ ។ ប៉ុន្តែក្រសួងការពារជាតិពុំបានបញ្ជាក់ថា តើកាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅប្រទេសណាទេ ។.png)
ក្រសួងការពារជាតិនឹងចាត់វិធានការតាមច្បាប់ ដោយប្តឹងទាមទារប្រាក់សំណងពីក្រុមហ៊ុនកូរ៉េខាងត្បូង ដែលលក់កាមេរ៉ាទាំងនេះមកឱ្យកងទ័ពកូរ៉េខាងត្បូង ។ ប៉ុន្តែក្រុមហ៊ុនអះអាងថា វាជាការយល់ខុសទាំងស្រុង ពីព្រោះកាមេរ៉ាសុវត្ថិភាពសុទ្ធតែផលិតនៅក្នុងស្រុក ។
រីឯកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំងអស់ដែលបំពាក់នៅមូលដ្ឋានទ័ពបានផលិតមកសម្រាប់តភ្ជាប់ជាមួយប្រព័ន្ធ Server រាយការណ៍ទៅចិន ។ ប៉ុន្តែព័ត៌មានកងទ័ពកូរ៉េខាងត្បូងពុំទាន់បែកធ្លាយទៅចិននៅឡើយទេ ចាប់ពីបានដំឡើងកាមេរ៉ាសុវត្ថិភាពនៅមូលដ្ឋានទ័ពកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងត្បូងត្រូវតែដោះវាចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ហើយចាប់ពីពេលនេះទៅ ពួកគេនឹងប្រើប្រាស់ CCTV ផលិតនៅកូរ៉េខាងត្បូងជំនួសវិញ ៕










