ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបានជំរុញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅខេត្ត Vinh Phuc របស់វៀតណាម ព្រមទាំងលើកទឹកចិត្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្តនេះផងដែរ ដោយសារមានកត្តាអំណោយផល និងតំបន់ទេសចរណ៍ជាច្រើនកន្លែង ។
ខេត្ត Vinh Phuc ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់ ដូចជា ៖ យានយន្ត, ឧបករណ៍អេឡិចត្រូនិក, សម្ភារៈអគ្គិសនី, ម្ហូបអាហារ និងសម្លៀកបំពាក់ ។ ប្រសិនបើធ្វើដំណើរតាមរថយន្តចេញពីទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai មកកាន់ខេត្តនេះ គឺចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។
លោក Nguyen Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់និយាយថា ខេត្ត Vinh Phuc របស់វៀតណាម ប្រៀបដូចជាស្ពានសម្រាប់តភ្ជាប់ជាមួយបណ្តាខេត្តផ្សេងៗនៅភាគខាងជើងទីក្រុងហាណូយ និងតំបន់ដីសណ្តទន្លេក្រហម ។ ខេត្តនេះមានពលរដ្ឋរស់នៅជាង១លាន១សែននាក់ ហើយខេត្តមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចជាតិ ។.png)
នៅឆ្នាំ២០២៤ វិនិយោគិនមកពីប្រទេសចំនួន១៩ បានមកវិនិយោគក្នុងគម្រោងផ្សេងៗនៅខេត្ត Vinh Phuc ។ រីឯប្រទេសដែលមកវិនិយោគនៅខេត្តនេះច្រើនជាងគេ រួមមាន ៖ កូរ៉េខាងត្បូង, ជប៉ុន, តៃវ៉ាន់, ចិន, សិង្ហបុរី, ថៃ, អ៊ីតាលី និងហូឡង់ ។
លោក Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់បន្តថា ខេត្ត Vinh Phuc បានក្លាយទៅជាតំបន់ដ៏ពេញនិយមសម្រាប់បណ្តាវិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ។ រដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តវិនិយោគិនបរទេស និងជំរុញឱ្យខេត្តនេះក្លាយជាតំបន់ឧស្សាហកម្មថ្មីផ្នែកច្នៃប្រឌិតឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាតំបន់ទេសចរណ៍ ។
ក្រៅពីនេះ លោក Dinh Bang ក៏បានអញ្ជើញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្ត Vinh Phuc ឱ្យបានច្រើនផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ៕










