ប្រទេសជប៉ុន ៖ ការបរិភោគអាហារលើពិភពលោក មានទម្លាប់ខុសៗគ្នា ដូចជា ៖ ការប្រើប្រាស់ស្លាបព្រាជាមួយសម, កាំបិតជាមួយសម, ប្រើដៃ និងចង្កឹះ ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះអាស្រ័យលើវប្បធម៌តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ហើយពេលខ្លះ គេក៏ពុំចាំបាច់ប្រើវិធីបរិភោគអាហារតែមួយរហូតទេ ពីព្រោះភាពស្ទាត់ជំនាញ និងប្រយោជន៍របស់ការប្រើប្រាស់ គឺសំខាន់ជាង ។
យើងគ្រប់គ្នាដឹងថា ចង្កឹះអាចប្រើប្រាស់សម្រាប់បរិភោគគុយទាវ នំបញ្ចុក និងអាហារជាសរសៃ ខណៈជនជាតិខ្លះប្រើចង្កឹះចាប់បាយទៀតផង ។ បច្ចុប្បន្ន ចង្កឹះត្រូវបានផលិតមកពីដើមឫស្សី លោហៈ និងផ្លាស្ទិក ខណៈចង្កឹះខ្លះទៀតធ្វើពីភ្លុកដំរី ។
រីឯចង្កឹះជប៉ុនបានទទួលឥទ្ធិពលពីប្រទេសចិន តាំងពីសម័យបុរាណមកម៉្លេះ ។ នៅសម័យបុរាណ ជនជាតិជប៉ុនប្រើប្រាស់ចង្កឹះសម្រាប់តែការធ្វើពិធីផ្សេងៗប៉ុណ្ណោះ ប៉ុន្តែក្រោយមក ជប៉ុនក៏ចាប់ផ្តើមប្រើប្រាស់ចង្កឹះតាមលំនៅឋានសម្រាប់បរិភោគអាហារកាន់តែច្រើន ។
បើទោះជាចង្កឹះជប៉ុនបានទទួលឥទ្ធិពលពីចិនក្តី ប៉ុន្តែចង្កឹះជប៉ុនត្រូវបានផ្លាស់ប្តូរឱ្យមានលក្ខណៈខុសប្លែក និងមានរូបរាងផ្សេងៗ ដោយអាស្រ័យលើភាពស្ទាត់ជំនាញរបស់អ្នកប្រើប្រាស់ ។ ជាទូទៅ ជនជាតិជប៉ុននិយមប្រើប្រាស់ចង្កឹះមានទំហំខ្លីជាងចង្កឹះចិន ។
ជនជាតិជប៉ុនមានទម្លាប់ប្រើប្រាស់ចង្កឹះបរិភោគអាហារស្ទើរ១០០% ហើយពួកគេតែងតែមានចង្កឹះ និងចានផ្ទាល់ខ្លួនជានិច្ច ។ ហេតុនេះ ការជ្រើសរើសចង្កឹះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះការប្រើចង្កឹះ គឺដូចគ្នានឹងការធ្វើសមាធិដែរ ។ ម្យ៉ាងទៀត ដោយសារជប៉ុននិយមបរិភោគសាច់ត្រី ទើបចង្កឹះងាយស្រួលប្រើជាងឧបករណ៍ផ្សេង ។
*ចំណុចគួរយល់ដឹងអំពីការប្រើប្រាស់ប្រាស់ចង្កឹះរបស់ជនជាតិជប៉ុន ៖
-ហាមដាក់ចង្កឹះលើចានបាយដាច់ខាត ពីព្រោះជប៉ុនចាត់ទុកថា វាជាបាយរបស់មនុស្សស្លាប់ ឬបាយសែនបុព្វបុរសដែលបានចែកឋាន ។ បើបរិភោគអាហាររួចហើយ គួរយកចង្កឹះដាក់នៅកន្លែងរបស់វា ឬនៅក្បែរចាន
-ហាមប្រើចង្កឹះកូរអាហារដើម្បីជ្រើសរើសអាហារដែលខ្លួនចូលចិត្ត
-ហាមគ្រវី ឬលើកចង្កឹះទៅមក ដោយសារស្ទាក់ស្ទើរក្នុងការបរិភោគអាហារ
-គួរតែកាន់ចង្កឹះឱ្យត្រឹមត្រូវដើម្បីផ្តល់កិត្តិយសដល់អ្នកបរិភោគជាមួយ
-ហាមយកចង្កឹះចាក់ទម្លុះអាហារក្នុងចាន
-កុំលិឍចង្កឹះដាច់ខាត បើទោះជាជប៉ុនមានទម្លាប់បរិភោគអាហារឱ្យអស់ពីចានក្តី
-កុំប្រើចង្កឹះចាប់អូសចានអាហារដែលនៅឆ្ងាយពីដៃ
-ហាមគោះចង្កឹះលើឧបករណ៍ផ្សេងៗបង្កើតជាសំឡេង ៕