ប្រទេសឥណ្ឌា ៖ ទំនាក់ទំនងរវាងប្រទេសដែលមានចំនួនពលរដ្ឋច្រើនបំផុតលើពិភពលោក គឺឥណ្ឌា និងចិន កាន់តែតា.នតឹង ខ្លាំងឡើង ក្រោយពីកងទ័ពប្រទេសទាំងពីរមានជ.ម្លោះ ជាមួយគ្នាកាលពីឆ្នាំ២០២០ ។ វាធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ប្រទេសឥណ្ឌាមានគម្រោងដំឡើងពន្ធបំពង់ដែកនាំចូលពីប្រទេសចិន និងវៀតណាម រហូតដល់៣០% សម្រាប់រយៈពេល៥ឆ្នាំ ។ កាលពីខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌាក៏បានស៊ើបអង្កេតដែកមួយចំនួនដែលនាំចូលពីវៀតណាមផងដែរ ដើម្បីការពារឧស្សាហកម្មដែកឥណ្ឌា ។
ក្រសួងការបរទេសឥណ្ឌានឹងដំឡើងពន្ធដែកមួយចំនួនដែលនាំចូលពីប្រទេសចិន និងវៀតណាម គឺចាប់ពី១២% ដល់៣០% ដើម្បីការពារ និងលើកកម្ពស់ឧស្សាហកម្មដែកក្នុងស្រុក ។ រដ្ឋាភិបាលឥណ្ឌាបានចេញបទបញ្ជាកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក គឺកំណត់ឱ្យបំពង់ដែកផលិតនៅចិន និងវៀតណាម ដែលជាប្រទេសផលិតដែកដ៏ធំលើពិភពលោក ត្រូវបង់ពន្ធនាំចូលខ្ពស់ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ តទៅ ។
គេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងចិន គឺកាន់តែមានភាពតានតឹងខ្លាំងឡើង តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅបរិវេណជាយដែនហិម៉ាល័យ កាលពីឆ្នាំ២០២០ ។ ហេតុការណ៍នេះធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។
ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានរឹតបន្តឹង និងត្រួតពិនិត្យការវិនិយោគរបស់ចិន ព្រមទាំងប្រកាសផ្អាកគម្រោងសាងសង់សំខាន់ៗរបស់ចិន ។ លោក សុរ៉ាម៉ាន់យាប់ ចៃឆាំងកា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បាននិយាយពីទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងចិន ថា ឥណ្ឌាពុំបានហាមឃាត់ការធ្វើអាជីវកម្មជាមួយចិនទេ ប៉ុន្តែឥណ្ឌានឹងពិចារណាយ៉ាងលម្អិតថា តើចិននឹងវិនិយោគផ្នែកណា និងស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះ ៕










