ក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍ពិសេសៗចំនួន ៣ នឹងលេចឡើងក្នុងខេត្តសៀមរាប ដែលនឹងទាញយកចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ខេត្តបុរាណមួយនេះបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្តដ៏អស្ចារ្យ តាមរយៈព្រឹត្តិការណ៍សមរាត្រី។ បន្ថែមពីនេះ ព្រឹត្តិការណ៏ Gumbal 3000 និង ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដែលគ្រោងរៀបចំឡើង ដើម្បីបង្ហាញពីសក្តានុពលនៃខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

កាលពីថ្ងៃទី ១២ ខែកញ្ញា បើយោងតាមការដាក់បង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ ៣ ធំៗ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ អត់បានមកសៀមរាបប្រយ័ត្នស្តាយក្រោយណា!!»។
-ចាប់ពីថ្ងៃទី១៦-១៧ ខែនេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។ 
-ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ គឺក្នុងអំឡុងខែមីនា និងខែកញ្ញា។
-ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី, ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍, ការតាំងបង្ហាញឡាន, ម៉ូតូចាស់ៗជាដើម។ ខែនេះសៀមរាបមិនស្ងាត់ទេ ដឹងតែសប្បាយតែម្តង កុំភ្លេចមកលេងខេត្តសៀមរាបណា!!










