សហរដ្ឋអាមេរិក ៖ អ្នកចូលចិត្តជិះកង់នឹងយល់ច្បាស់ថា ពួកគេប្រឈមនឹងយានជំនិះនៅខាងក្រោយបុក ហើយពិបាកការពារខ្លួនណាស់ ដោយសារកង់គ្មានឧបករណ៍គ្រប់គ្រាន់ដូចយានជំនិះផ្សេង ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាមេរិកបានផលិតអំពូលភ្លើងកង់ក្រោយឆ្លាតវៃឈ្មោះ «Survue» ដែលបំពាក់បច្ចេកវិទ្យា AI ដើម្បីពិនិត្យមើលយានជំនិះខាងក្រោយ និងជូនដំណឹងទៅអ្នកជិះកង់ឱ្យប្រយ័ត្នខ្លួន ។
អំពូលភ្លើងឆ្លាតវៃ «Survue» បានបំពាក់កាមេរ៉ា និងបច្ចេកវិទ្យា AI ដើម្បីពិនិត្យមើល និងបញ្ជាក់ពីប្រភេទយានជំនិះដែលបើកបរនៅខាងក្រោយ ឬក្បែរកង់ ។ លើសពីនេះ វានឹងអាចវាស់កម្រិតល្បឿន និងប្រាប់ទីតាំងយានជំនិះទាំងអស់ដើម្បីប្រមូលទិន្នន័យមកវិភាគពីគ្រោះថ្នាក់ ដោយសារយានជំនិះតែងតែបើកបុកអ្នកជិះកង់តាមផ្លូវ ។.png)
អំពូលភ្លើងឆ្លាតវៃនេះមានទម្ងន់១២៥ក្រាម និងអាចប្រើប្រាស់បានរយៈពេល៦ម៉ោងសម្រាប់ការសាកថ្មម្តង ។ វានឹងជូនដំណឹងពីគ្រោះថ្នាក់ទៅកាន់អ្នកជិះកង់ ព្រមទាំងផ្ញើសារដាស់តឿនតាមទូរស័ព្ទស្មាតហ្វូនផងដែរ ដែលអាចដំណើរការជាមួយប្រព័ន្ធ iOS និង Android ។ វានឹងបញ្ជាក់ពីកម្រិតល្បឿនបើកបរ និងទីតាំងយានជំនិះនៅក្បែរកង់ ។
លើសពីនេះ អំពូលភ្លើងឆ្លាតវៃនឹងថតវីដេអូយានជំនិះផ្សេងៗដោយស្វ័យប្រវត្តិ ពេលយានជំនិះទាំងនេះបើកបរមកក្បែរអ្នកជិះកង់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ថ្ងៃក្រោយ ករណីមានរឿងក្តីដល់តុលាការ ។ អំពូលភ្លើងនឹងលោតភ្លើងបង្ហាញទៅអ្នកជិះកង់ខាងក្រោយផងដែរ ឱ្យប្រុងប្រយ័ត្នជាមួយអ្នកជិះកង់ខាងមុខ ហើយវាអាចថតយានជំនិះនៅឆ្ងាយពីកង់ រហូតដល់១១០ម៉ែត្រ ។.png)
អ្នកបង្កើតអំពូលភ្លើងឆ្លាតវៃរបស់ក្រុមហ៊ុនអាមេរិកនិយាយថា លោកបង្កើតអំពូលភ្លើងនេះឡើង ដោយសារលោកបារម្ភពីសុវត្ថិភាព ពេលឃើញកូនៗរបស់លោកជិះកង់នៅតាមផ្លូវ ។ ហេតុនេះ លោកក៏ចាប់ផ្តើមផលិតវាដើម្បីឱ្យការជិះកង់មានសុវត្ថិភាព ហើយក្រុមហ៊ុនគ្រោងលក់ក្នុងតម្លៃ៣២៩ដុល្លារអាមេរិក ។
លោកបញ្ជាក់ថា សុវត្ថិភាពនៃការធ្វើដំណើរនៅតាមផ្លូវពិតជាសំខាន់ខ្លាំងណាស់ ហើយអំពូលភ្លើង AI នេះនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ខណៈយានជំនិះធំៗពុំសូវចាប់អារម្មណ៍ជាមួយអ្នកជិះកង់ទេ ៕










