ប្រទេសចិន ៖ ប្រទេសនានាលើពិភពលោក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្កែយន្តឱ្យកាន់តែទំនើបជាងមុន ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់មនុស្សពិការភ្នែក ។ នៅឆ្នាំ២០២៤នេះ ចិនបានផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែក ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបជាងឆ្កែយន្តប្រទេសផ្សេង ហើយចិនក៏មានគម្រោងលក់ឆ្កែយន្តទៅក្រៅប្រទេសផងដែរ ។ តើឆ្កែយន្តរបស់ចិនមានលក្ខណៈពិសេសអ្វីខ្លះ?
កាលពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសចិនបានសាកល្បងប្រើប្រាស់ឆ្កែយន្តនាំផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅតាមផ្លូវរបស់មនុស្សពិការភ្នែក ខណៈកាលពីមុន ពួកគេប្រើប្រាស់សត្វឆ្កែពិតប្រាកដ ។ ក្រៅពីឆ្កែយន្តនេះអាចត្រួតពិនិត្យបរិស្ថាននៅជុំវិញខ្លួនវាតាមរយៈកាមេរ៉ា វាក៏អាចចងចាំពីភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវផងដែរ ។
ក្រុមអ្នកផលិតឆ្កែយន្តនាំផ្លូវនិយាយថា ឆ្កែយន្តដែលបានផលិតកន្លងមក គ្មានសមត្ថភាពពិសេសដូចឆ្កែយន្តនាំផ្លូវនេះទេ ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យមួយនៅទីក្រុងសៀងហៃ បានបង្កើតឆ្កែយន្តនេះឡើង គឺវាមានជើងចំនួន៦ ដើម្បីឱ្យវាអាចដើរនៅតាមបរិវេណផ្សេងៗបានយ៉ាងងាយស្រួល ។
ឆ្កែយន្តនេះអាចទំនាក់ទំនងជាមួយមនុស្សតាមរយៈការស្តាប់សំឡេងអ្នកបញ្ជា ដោយសារវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI ។ លើសពីនេះ ឆ្កែយន្តអាចស្គាល់ផ្លូវ និងចងចាំភ្លើងសញ្ញាចរាចរណ៍បានយ៉ាងល្អទៀតផង ។ ការអភិវឌ្ឍបច្ចេកវិទ្យាឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែក ពុំមែនជារឿងថ្មីទេ ពីព្រោះនៅប្រទេសផ្សេងៗ ដូចជា ៖ អូស្ត្រាលី និងអង់គ្លេស ក៏បានផលិតឆ្កែយន្តនាំផ្លូវដូចគ្នាដែរ ។
ប៉ុន្តែសម្រាប់ប្រទេសចិន ក្រុមអ្នកបង្កើតឆ្កែយន្តយល់ឃើញថា ការផលិតឆ្កែយន្តនាំផ្លូវនេះអាចជួយដោះស្រាយបញ្ហាការខ្វះខាតឆ្កែនាំផ្លូវ ហើយក្រុមអ្នកបង្កើតឆ្កែយន្ត បញ្ជាក់ថា នៅប្រទេសចិនមានឆ្កែនាំផ្លូវត្រឹមតែ៤០០ក្បាលប៉ុណ្ណោះ បើធៀបនឹងចំនួនពលរដ្ឋចិនពិការភ្នែក ស្មើរហូតដល់៤០លាននាក់ ។ 
បើទោះជាចិនធ្លាប់បានប្រើប្រាស់ឆ្កែនាំផ្លូវមនុស្សពិការភ្នែកក្តី ប៉ុន្តែនៅប្រទេសមួយចំនួនចាត់ទុកថា វាជារឿងថ្មី ហើយនៅកន្លែងធ្វើការ, ភោជនីយដ្ឋាន និងទីសាធារណៈរបស់ប្រទេសទាំងនេះពុំអាចប្រើប្រាស់ឆ្កែនាំផ្លូវទេ ដោយសារបារម្ភពីភាពកខ្វក់របស់សត្វចិញ្ចឹម ។ ហេតុនេះ ការផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែកនឹងអាចជួយដោះស្រាយបញ្ហាទាំងអស់ ។
ក្រុមអ្នកផលិតឆ្កែយន្តនិយាយថា ពួកគេនឹងផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែកឱ្យបានច្រើនគ្រឿងសម្រាប់ប្រើប្រាស់នៅប្រទេសចិនផង និងលក់ទៅក្រៅប្រទេសផង ។ ហេតុនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវរបស់មនុស្សពិការភ្នែកបានមួយកម្រិត ដោយពុំចាំបាច់ពឹងលើសត្វឆ្កែពិតប្រាកដ ៕










