ប្រទេសថៃ៖ ប្រទេសថៃបាននិយាយកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ ថាខ្លួនចាប់បានត្រីទីឡាប់យ៉ាខ្មៅជាង ១,៣ លានគីឡូក្រាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លាញប្រភេទសត្វដែលឈ្លានពាននេះ ហើយក៏ជំរុញឱ្យប្រជាជនយកត្រីនេះទៅផលិតជាទឹកត្រី ឬសាច់ក្រកដើម្បីបរិភោគផងដែរ។
ត្រីទីឡាប់យ៉ាខ្មៅ (Sarotherodon melantheron) បានបង្ហាញខ្លួននៅក្នុងខេត្តចំនួន ១៩ នៃប្រទេសថៃ ដោយបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ វាលភក់ និងប្រឡាយដោយការស៊ីត្រីតូចៗ បង្គា និងដង្កូវ ខ្យងជាអាហារ ធ្វើឱ្យប្រទេសថៃមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់ឧស្សាហកម្មវារីវប្បកម្មដ៏សំខាន់របស់ខ្លួន។ 
យោងតាមលោក Nattacha Boonchaiinsawat អនុប្រធានក្រុមប្រឹក្សាដោះស្រាយការរីករាលដាលនៃត្រី បាននិយាយថា ចាប់ពីខែកុម្ភៈដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំនេះអាជ្ញាធរគឺបានរឹបអូសត្រីទីឡាប់យ៉ារាតត្បាតចំនួន ១,៣៣២,០០០ គីឡូក្រាមហើយ។ លោកបានបន្តថា “យើងបានរកឃើញថាត្រីទាំងនេះគឺបានឈ្លានពានកាន់តែច្រើនកន្លែងទៅៗ ដោយពួកគេបានរកឃើញត្រីទីឡាប់យ៉ានៅក្នុងប្រឡាយតូចៗដែលមិនធ្លាប់មានពីមុនមក” ។ លោក Nattacha បានបន្ថែមថា ការផ្ទុះឡើងនៃត្រីទីឡាប់យ៉ាខ្មៅនឹងធ្វើឱ្យសេដ្ឋកិច្ចថៃខាតបង់យ៉ាងតិច ១០ ពាន់លានបាត (ប្រហែល ២៩៣ លានដុល្លារអាមេរិក)។
ត្រីទីឡាប់យ៉ាខ្មៅ គឺជាសត្វដើមនៅអាហ្វ្រិកខាងលិច មានប្រវែង ២០ ទៅ ២៨ សង់ទីម៉ែត្រ ហើយជារឿយៗមានចំណុចខ្មៅនៅលើចង្កា។ ពួកវាអាចផ្តល់កំណើតដល់កូនៗរបស់វារហូតដល់ ៥០០ ក្បាលក្នុងពេលតែមួយ ហើយពួកវាត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទន្លេថៃក្នុងឆ្នាំ ២០១០ បន្ទាប់មករីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះពួកវាក៏ត្រូវបានរកឃើញនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនផងដែរ។ 
វាមិនច្បាស់ទេថាត្រីទាំងនេះបានមកដល់ប្រទេសថៃដោយរបៀបណា ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថា ពួកវាប្រហែលជាត្រូវបាននាំចូលដោយក្រុមហ៊ុនមួយពីប្រទេសហ្គាណាក្នុងឆ្នាំ ២០១០។ លោក Nattacha បានបន្តទៀតថាការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការលុកលុយនេះ។ កាលពីខែកក្កដាឆ្នាំនេះ ប្រទេសថៃបានប្រកាសលុបបំបាត់ត្រីទីឡាប់យ៉ាខ្មៅជាអាទិភាពរបស់ជាតិ ហើយក៏បានចាប់ផ្តើមលើកទឹកចិត្តប្រជាជនបរិភោគពួកវាឱ្យអស់។ 
បច្ចុប្បន្នខេត្ត Phetchaburi គឺបានផលិតទឹកត្រី និងផ្សព្វផ្សាយទឹកត្រី ក៏ដូចជាសាច់ក្រកដែលផលិតពីត្រីទីឡាប់យ៉ាខ្មៅផងដែរ។ ភោជនីយដ្ឋានផ្សេងៗក្នុងតំបន់នេះឥឡូវក៏បានយកត្រីទីឡាប់យ៉ាខ្មៅទៅច្នៃធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ផងដែរ ហើយមនុស្សជាច្រើនក៏ចូលចិត្តញ៉ាំត្រីនេះទៀតផង។ ប្រទេសថៃក៏បានលើកទឹកចិត្តអ្នកស្រុកឱ្យចាប់ត្រីទីឡាប់យ៉ាខ្មៅយកមកធ្វើជាអាហារ ឬក៏បំផ្លាញចោលក៏បានដែរ ដោយបង់ប្រាក់ ១៥ បាត (ប្រហែល ០,៤២ ដុល្លារ) ក្នុងមួយគីឡូក្រាម។ លើសពីនេះ ប្រទេសថៃក៏បានកំណត់តំបន់លក់ត្រីចំនួន ៧៥ នៅទូទាំងប្រទេសផងដែរ៕










