យើងគ្រប់គ្នាដឹងហើយថាព្រះអាទិត្យគឺមានទំហំធំខ្លាំងណាស់ បើធៀបទៅនឹងផែនដីរបស់យើង ខណៈទម្ងន់របស់ព្រះអាទិត្យមានប្រហែល ៣៣៣,០០០ ដងច្រើនជាងផែនដី។ ព្រះអាទិត្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភព ក៏ដូចជាផ្តល់ពន្លឺ និងកំដៅដល់ផែនដី ទ្រទ្រង់ជីវិតរបស់ភាវៈរស់ទាំងអស់ ហើយកម្លាំងទំនាញដ៏ធំរបស់វាគឺអាចរក្សាភពនានាវិលជុំវិញបានយ៉ាងល្អឥតខ្ចោះ។ ទោះជាយ៉ាងណា ប្រសិនបើព្រះអាទិត្យស្រាប់តែមានទំហំតូចជាងផែនដី តើជីវិតនៅលើផែនដីនឹងប្រែប្រួលយ៉ាងណា?
ជាការពិតណាស់ព្រះអាទិត្យរបស់យើង បើប្រៀបធៀបទៅនឹងផែនដី ព្រះអាទិត្យគឺជា បាល់យក្សដ៏ធំមហាសាល ដែលបរិមាណរបស់វាមានទំហំធំខ្លាំងអាចផ្ទុកបានប្រហែល ១.៣ លានផែនដីឯណោះ ខណៈផែនដីគឺជាកូនផ្កាយតូចៗ។ ជាមួយនឹងម៉ាស់ដែលស្មើនឹងជាង ៩៩% នៃម៉ាស់សរុបរបស់ប្រព័ន្ធព្រះអាទិត្យទាំងមូល ព្រះអាទិត្យគឺបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាស្ថេរភាពនៃគន្លងរបស់ភព ដោយទំហំ និងម៉ាស់ដ៏ធំរបស់វាគឺជាកត្តាកំណត់ដែលជួយរក្សាជីវិតនៅលើផែនដី។ ប្រសិនបើព្រះអាទិត្យតូចជាងផែនដី ប្រព័ន្ធព្រះអាទិត្យនឹងផ្លាស់ប្តូរទាំងស្រុង មានន័យថា ផែនដីលែងជាភពដែលអាចរស់នៅបានទៀតហើយ ហើយព្រះអាទិត្យគឺមិនសូវមានកម្តៅខ្លាំងទៀតទេ។
លើសពីនេះទំនាញនឹងថយចុះ ភពនានាអាចនឹងត្រូវបោះចោលពីគន្លង ឬបុកគ្នាទៅវិញទៅមក។ ប្រសិនបើព្រះអាទិត្យមានទំហំតូចជាង វានឹងបញ្ចេញថាមពលតិច ដែលធ្វើឱ្យផែនដីត្រជាក់ និងងងឹតខ្លាំង។ ទន្ទឹមនឹងនេះ ដំណើរការនឹងខុសធម្មតា ហើយប្រហែលជាមិនបង្កើតជាភពដែលយើងស្គាល់សព្វថ្ងៃនេះទេ ដោយសារមនុស្ស សត្វ រុក្ខជាតិ លែងមានជីវិតរស់នៅដូចមុនហើយ ហើយខ្យល់អាកាស និងធម្មជាតិផ្សេងៗក៏លែងមានទៀតដែរ។ នៅពេលនោះប្រព័ន្ធព្រះអាទិត្យ នឹងបាត់បង់ផ្កាយតែមួយរបស់វា ហើយ ទំនាញផែនដីរបស់ព្រះអាទិត្យ នឹងលែងគ្រប់គ្រាន់ដើម្បីរក្សាភពនានាដែលវិលជុំវិញវា។ 
ភពនានារួមទាំងផែនដី នឹងរសាត់ទៅទីអវកាស ជាលទ្ធផលជីវិតនៅលើផែនដីនឹងលែងមានឱកាសរស់ទៀតហើយ។ ស្រមៃមើលថាតើ ផែនដីធំជាងព្រះអាទិត្យ ខណៈទំហំព្រះអាទិត្យនៅដដែល ក្នុងករណីនេះផែនដីនឹងមានទំហំធំជាង ៣៣៣,០០០ ដងច្រើនជាងសព្វថ្ងៃនេះ។ ទំនាញផែនដី នឹងខ្លាំងដែលវាអាចកំទេចឆ្អឹងរបស់មនុស្សសត្វមានជីវិតបានយ៉ាងងាយ សម្ពាធនិងសីតុណ្ហភាពនៅក្នុងផែនដីយក្សនេះគឺគ្រប់គ្រាន់ក្នុងការបង្កើតប្រតិកម្មទែរម៉ូនុយក្លេអ៊ែ ដោយប្រែក្លាយភពផែនដីយើងទៅជាផ្កាយដ៏គ្រោះថ្នាក់បំផុត។
ប្រសិនបើរឿងនេះកើតឡើង ប្រព័ន្ធព្រះអាទិត្យរបស់យើង នឹងមានផ្កាយពីរជំនួសឱ្យផ្កាយតែមួយ។ ព្រះអាទិត្យទាំងពីរនេះ នឹងគោចរជុំវិញគ្នាបង្កើតបានជាប្រព័ន្ធផ្កាយគោលពីរ ដោយមានភពនានាវិលជុំវិញផ្កាយទាំងពីរ នេះមានន័យថា ភពផ្សេងៗទៀត ឬភពព្រះច័ន្ទនឹងនៅក្នុងប្រព័ន្ធផ្កាយគោលពីរនេះអាចក្លាយជាផ្ទះដ៏មានសក្តានុពលបំផុតសម្រាប់ជីវិតរស់នៅ។ ដូច្នេះសរុបសេចក្តីមក ប្រសិនបើព្រះអាទិត្យតូចជាងផែនដី មនុស្ស សត្វ រុក្ខជាតិ នឹងលែងមានវត្តមានលើផែនដីទៀតហើយ ប៉ុន្តែអាចមានវត្តមានលើភពផ្សេង ឬភពព្រះច័ន្ទជាដើម៕
		
	









