ទន្លេមេគង្គ គឺជាទន្លេវែងជាងគេលំដាប់ទី ១២ នៅក្នុងពិភពលោក។ ទន្លេនេះមានប្រវែងប្រហែល ៤២០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន ៦ គឺកម្ពុជា ចិន ភូមា ថៃ ឡាវ និងវៀតណាម។ ទន្លេមេគង្គគឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា ដែលវាហូរកាត់ខេត្តដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងព្រៃវែង។ ទន្ទឹមនឹងនេះ វាក៏ជាជម្រកនៃប្រភេទត្រីចំនួន ១,១៤៨ ត្រូវបានទទួលស្គាល់ ក៏ដូចជាមានមនុស្សរាប់លាននាក់ពឹងផ្អែកលើទន្លេសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ថ្មីៗពីសម្ព័ន្ធនៃក្រុមបរិស្ថានក្នុងតំបន់ និងអន្តរជាតិ បានឱ្យដឹងថា ២០% នៃប្រភេទត្រីនៅក្នុងទន្លេមេគង្គបច្ចុប្បន្នកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជ។ បើតាមសកម្មជនបរិស្ថាន ទន្លេមេគង្គត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងររាប់មិនអស់ រួមទាំងការសាងសង់ទំនប់ ការជីកយករ៉ែខ្សាច់ ការគ្រប់គ្រងធនធានជលផលមិនល្អ ការបាត់បង់ទីជម្រក និងការដាក់បញ្ចូលប្រភេទសត្វចម្លែក ដែលបណ្តាលឱ្យចំនួនត្រីក្នុងទន្លេមេគង្គថយចុះ នឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលជីវភាពរស់នៅពឹងផ្អែកលើទន្លេ។
លោក Lan Mercado នាយកអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃចំនួនត្រីនៅក្នុងទន្លេមេគង្គគឺជាការដាស់តឿនមួយ ដើម្បីចាត់វិធានការជាបន្ទាន់។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីផ្លាស់ប្តូរនិន្នាការមហន្តរាយនេះ ពីព្រោះសហគមន៍មេគង្គ និងប្រទេសនានា មិនអាចមានលទ្ធភាពក្នុងការបាត់បង់ពួកគេឡើយ»។ របាយការណ៍ពីក្រុមស្រាវជ្រាវក្នុងតំបន់ និងអន្តរជាតិចំនួន ២៥ បានពិនិត្យលើផលប៉ះពាល់លើផ្នែកផ្សេងៗនៃទន្លេប្រវែង ៤,៩០០ គីឡូម៉ែត្រដែលជាទន្លេវែងជាងគេនៅអាស៊ីអាគ្នេយ៍ រួមទាំងបឹងទន្លេសាបនៃប្រទេសកម្ពុជាផងដែរដែលពួកគេបាននិយាយថាចំនួនត្រីបានធ្លាក់ចុះ ៨៨% រវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។
អ្នកនិពន្ធការសិក្សាបានបញ្ជាក់ថា ប្រភេទត្រីចំនួន ៧៤ ត្រូវបានវាយតម្លៃថា “ជិតផុតពូជ” នៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិនៃប្រភេទសត្វដែលរងការគំរាមកំហែង នេះមានន័យថា ប្រហែល ២០% នៃប្រភេទត្រីដែលគេស្គាល់នៅក្នុងទន្លេមេគង្គត្រូវបានគំរាមកំហែង។ ការបាត់បង់ត្រីអាចធ្វើឱ្យការកាប់បំផ្លាញព្រៃឈើក្នុងតំបន់កាន់តែអាក្រក់ទៅៗ ខណៈដែលមនុស្សរាប់លាននាក់ដែលពីមុនពឹងផ្អែកលើទន្លេសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេត្រូវបានបង្ខំឱ្យធ្វើស្រែចម្ការវិញ។ 
លោក Herman Wanningen នាយកប្រតិបត្តិនៃអង្គការទេសន្តរប្រវេសន៍ត្រីពិភពលោកបាននិយាយថា “វាច្បាស់ណាស់ថាយើងកំពុងប្រថុយនឹងបង្កឱ្យមានវិបត្តិជីវចម្រុះថ្មីសម្រាប់អាងទន្លេមេគង្គ។ ប៉ុន្តែវាមិនយឺតពេលទេនៅក្នុងអនុសាសន៍របស់ខ្លួន របាយការណ៍នេះបានអំពាវនាវឱ្យប្រទេសមេគង្គប្តេជ្ញាអនុវត្តការប្រឈមមុខនឹងទឹកសាប ក៏ដូចជាការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទន្លេឡើងវិញ រួមទាំងការបង្កើនលំហូរធម្មជាតិរបស់ទន្លេ ការកែលម្អគុណភាពទឹក ការការពារទីជម្រក និងប្រភេទសត្វសំខាន់ៗ ក៏ដូចជាការលុបបំបាត់របាំងទន្លេហួសសម័យជាដើម ដែលនេះគឺជាសសរស្តម្ភទាំងប្រាំមួយដែលត្រូវបានណែនាំដើម្បីជួយស្ដារទន្លេមេគង្គ៕










