ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះ «យ៉ាងិ» បានបោកបក់មកលើប្រទេសហ្វីលីពីនធ្វើឱ្យកើត ទឹកជំនន់ភ្លាមៗ ។ លើសពីនេះ ពលរដ្ឋហ្វីលីពីនបានស្លា.ប់ ដោយសារគ្រោះធម្មជាតិរហូតដល់១១នាក់ ។
ខ្យល់ព្យុះ «យ៉ាងិ» ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅហ្វីលីពីនអស់រយៈពេល២ថ្ងៃ (គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤) ។ ក្រោយពីភ្លៀងធ្លាក់រួចមកបណ្តាលឱ្យបាក់ដីជាច្រើនកន្លែង និងមានពលរដ្ឋស្លាប់រហូតដល់១១នាក់ ក្នុងនោះមានទារិកាអាយុត្រឹម៩ខែផងដែរ ។ 
ទីក្រុងណាកា ស្ថិតនៅភាគខាងកើតប្រទេស គឺស្ថិតក្នុងចំណោមទីក្រុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារគ្រោះធម្មជាតិ ។ ខ្យល់ព្យុះបានបម្លាស់ទីទៅភាគខាងជើងឆ្នេរសមុទ្រកោះលូសន ដែលជាកោះសំខាន់របស់ហ្វីលីពីន កាលពីថ្ងៃទី២ ខែកញ្ញា កន្លងមក ដែលកម្លាំងខ្យល់ស្មើនឹង៧៥គីឡូម៉ែត្រក្នុង១ម៉ោង ។
អាជ្ញាធរបានដាស់តឿនពលរដ្ឋពីខ្យល់ព្យុះនៅលើកោះលូសន ដែលមានមនុស្សរស់នៅច្រើនបំផុតរបស់ប្រទេសហ្វីលីពីន ព្រមទាំងទីក្រុងម៉ានីលផងដែរ ។ សាលារៀនគ្រប់កម្រិត និងមន្ត្រីរាជការបានផ្អាកការងារបណ្តោះអាសន្ន ដោយសារខ្យល់ព្យុះ ។
មន្ត្រីគ្រប់គ្រងសុវត្ថិភាពសាធារណៈនិយាយថា ទឹកជំនន់នៅតំបន់មួយចំនួនមានកម្ពស់ហួសក្បាលមនុស្ស ហើយជនរងគ្រោះរាប់រយនាក់បានទទួលការជួយសង្គ្រោះ ។ កាលពីថ្ងៃទី២ ខែកញ្ញា មានជនរងគ្រោះជាង៣០០នាក់ស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ។ អាជ្ញាធរនិយាយថា កម្រិតទឹកជំនន់ក្នុងទីក្រុងដែលមានមនុស្សរស់នៅចំនួន២១ម៉ឺននាក់ បានស្រកចុះយឺតដោយសារទឹកឡើងខ្ពស់ពេក ។
ក្រៅពីនេះ ជើងហោះហោះក្នុងស្រុកជាច្រើនបានផ្អាកការហោះហើរជាបណ្តោះអាសន្ន ។ ខ្យល់ព្យុះបានបោកបក់ឆ្លងកាត់ខេត្តអិសាបេឡា ស្ថិតនៅភាគខាងជើងប្រទេសនៅរសៀលថ្ងៃទី៣ ខែកញ្ញា ហើយមានទីក្រុង៤ និងពលរដ្ឋ៣៣.០០០នាក់ បានរងគ្រោះពីខ្យល់ព្យុះដោយផ្ទាល់ ។
គួរបញ្ជាក់ថា ក្នុង១ឆ្នាំៗ ប្រទេសហ្វីលីពីនបានរងគ្រោះដោយសារខ្យល់ព្យុះចំនួន២០ ។ កាលពីឆ្នាំ២០១៣ ហ្វីលីពីនបានរងគ្រោះដោយសារខ្យល់ព្យុះហៃយៀន ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង៧.៣០០នាក់ និងបំផ្លាញភូមិស្រុក, បក់ទូកទៅលើច្រាំង និងធ្វើឱ្យមនុស្ស៥លាននាក់នៅតំបន់កណ្តាលបាត់បង់ផ្ទះសម្បែង ៕










