កាលពីម្សិលមិញនេះ មនុស្សម្នាផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាល្ខោនខោលនៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ខណៈដែលទស្សនីយភាពបែបនេះបានលេចឡើងជាលើកទី២ហើយនៅឯទីតាំងតែមួយ ដោយកាលពីប្រមាណជិត២ខែមុននេះ ការសម្តែងល្ខោនបាសាក់វង់ភី សុគន្ធី ទទួលបាននូវការគាំទ្រយ៉ាងច្រើនខ្លាំងម្តងរួចទៅហើយ។
កាលពីថ្ងៃទី ៣១ ខែសីហា និង ថ្ងៃទី ១ ខែកញ្ញា នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ឬផ្សារអ៊ីអន ៣ ទស្សនីយភាពដ៏អស្ចារ្យមួយទៀតក៏បានលេចឡើង ក្រោមការសម្តែងល្ខោនខោល ពីក្រុមសម្តែងនៃសលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ស្របពេលជាមួយគ្នានោះ ដោយសង្កេតឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់សាធារណៈជនទូទៅ ទាំងក្មេង ចាស់ ប្រុស ស្រី នៅរងចាំមើលព្រោងព្រាត។
មិនថាប្រជាពលរដ្ឋខ្មែរឬក៏ជនបរទេសនោះទេ បានលេចវត្តយ៉ាងច្រើនកុះករអំឡុងពេលនៃការសម្តែងល្ខោនខោល គឺពេញទាំង៣ ជាន់នៃផ្សារទំនើបតែម្តង ដោយហេតុថា មនុស្សច្រើនពេក ក៏បានបណ្តាលឲ្យអ្នកខ្លះឈរមើលពីជាន់ខាងលើមកផង ហើយអ្នកខ្លះទៀតដែលនៅជាន់ក្រោមស្រាប់ ក៏បានយកកន្ទេលមកក្រាលអង្គុយមើលយ៉ាងជក់ចិត្តដិតអារម្មណ៍ប្រៀបបាននឹងពួកគេកំពុងអង្គុយមើលនៅតាមរោងល្ខោននានា ដែលប្រព្រឹត្តិទៅនៅតាមទីអារ៉ាមផងដែរ។
យោងតាមការបង្ហោះរបស់គេហទំព័រ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ កាលពីម្សិលមិញនេះ បានឲ្យគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា«វត្តមានអ៊ុពូមីង បងប្អូន ជាចំណែកដ៏ធំក្នុងការលើកស្ទួយ ល្ខោនខោល មរតកវប្បធម៌ខ្មែរ។ កាន់តែអស្ចារ្យ និងជាទិដ្ឋភាពមួយពុំអាចបំភ្លេចបាន នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ នាល្ងាចថ្ងៃទី ១ ខែកញ្ញានេះ»។
ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយអ្នកក៏បានលើកឡើងថា«អរគុណ Aeon សម្រាប់រៀបចំកម្មវិធីល្អ ដែលលើកស្ទួយដល់វប្បធម្មជាតិខ្មែរ ។ ដល់ពេលចូលសាច់រឿង ស្តាយមិនអាចនៅយូរបាន មើលបានតែ ១០នាទី ព្រោះដល់ម៉ោងត្រូវនាំកូនមកផ្ទះវិញ ។ សង្ឃឹមថាមានកម្មវិធីល្អៗលើកក្រោយទៀត និង ចាប់ផ្តើមបានឆាប់ជាងនេះ»។ អ្នកខ្លះទៀតថា«ថ្ងៃនេះក៏បងមកទោះភ្លៀងក៍ដោយ ហើយបើថ្ងៃក្រោយមានការសម្តែងទៀតបងមកមើលទៀត»។
អ្នកខ្លះថា«ប្រសិនបើមានល្ខោនបាសាក់ឬល្ខោនយីកេយកមកលេងនៅផ្សាទំនើប១ខែម្តងឬរៀងរាល់ដើមឬចុងខែ មិនដឹងជាល្អយ៉ាងណាទេ សិល្បះបុរាណអាចនិងរស់រានឡើងវិញ ការងារមានធ្វើ ទំនិញលក់ដាច់ អ្នកគាំទ្រនៅតែបន្តនោះចំណេញដល់ជាតិយើងហើយ»៕










