ភ្ញៀវទេសចរភាគតិចណាស់ ដែលបានស្គាល់និងបានទៅដល់ប្រាសាទបុរាណខ្មែរមួយកន្លែង ស្ថិតនៅក្នុងតំបន់អង្គរ គឺប្រាសាទ«ព្រះបាលិលេយ្យ» កសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ – ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicA1aqIyOjGKbOwfswESzAqpgS83jDg6v-wo8ZJCroi1ghkDMdjNOpXRBklspzjtl4U0BrBD5e1MOylxeNiGpfgovdBM7qMOBnRboIreX1qw4DC4CkljvYOam4Q0mUVR9clEs3wY6_lBZB3xuf8H4gqqw5r-kgU_KJpiOUKz9VW_7Q-9j42y4RCnJd2o3u/s960/13-08-2023-2.jpg

ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចម្ងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះមានទីតាំងនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេព្យប្រណម។ ដើម្បីចូលទៅទស្សនាប្រាសាទនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវដីក្រហមចូលទៅកាន់វត្តទេព្យប្រណម ប្រហែលជា ៥០០ ម៉ែត្រ ពីផ្លូវចាក់កៅស៊ូដែលចេញពីប្រាសាទបាយ័ន ឆ្ពោះទៅក្លោងទ្វារខាងជើងនៃក្រុងអង្គរធំ។ ពេលដែលអ្នកធ្វើដំណើរហួសវត្តទេព្យប្រណមបន្តិច អ្នកនឹងឃើញព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំនៅខាងមុខក្លោងទ្វារប្រាសាទនៃប្រាសាទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKICxIYpSPhdyDlgbSTu_a_sM4e_VF7kmFEob4aqB5UsEYzTnPk3RQ2Vh1bUes-qMCdxzWTcVsmbgzSekeYE73VF3FQp_SOl58VHIBwHmNXYG0sPUgMOhsnKJlF-f4iesq1z3gYUvj4h0we3n2xtlKyoBkEzBr09Ilr0UQXKxhmBkZcuar0NlmCIXQfugs/s960/13-08-2023-6.jpg

ប្រាសាទបាលិលេយ្យ មានទ្វារបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរឲ្យសោកស្តាយដែលផ្នែកខ្លះនៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាផ្សេងៗ និងដល់អាយុកាលរបស់វាជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibYtsQ6kccZmwEkEG-sO7BByp5LVVP58lgYMEasSEIi1dn_m3YbRvP6DobtPUeX-uYqMhf-ZsBjzoYwv2Bwhf4uA2WqyND3eB5CnTASJzFAgwJWLaSLUQmAkNozlhjqawvg9WprM4zc3dIlzHtHvZVOc_kJoMfxY1F103-yphqD5kcyrMDBMVgiDsnFuj1/s960/13-08-2023-9.jpg
ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCLMCPKt78zhUjOHxZeQK0zBK9-Ja5n1sfuJDhPmX3ixLacZXHVPoj6wAYWGK5kvD577GvlWsW5hFUipR3aiK79vne3PdRUw7a73-CLeefm5MgT1ZybIu97YHcvePwTNTzrNJEomn98UiCM2ShbPuaRuviK-01ELl-jd1AFQr32Y-oEWbe6DHJ-NIaFe1/s960/13-08-2023-5.jpg